...

ភស្តុតាងនៃស្នេហាយើង

 

យើងស្គាល់គ្នាដំបូងតាមរយៈ បណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក(Facebook) ពេលនោះខ្ញុំ (អុល ចាន់រស្មី) ជាអ្នកលក់អនឡាញ (លក់របស់ញាំ) និងគាត់ (ទុយ វណ្ណចរិយា) បានចូលផ្ដល់យោបល់ (Comment) លើការទិញទំនិញរបស់ខ្ញុំ។ បន្ទាប់មក យើងក៏ឆាតលេងជាមួយគ្នាទៅមកបន្ដបន្ទាប់ រយៈពេលបាន២ខែ យើងយល់ថាការឆ្លងឆ្លើយរបស់យើងស៊ីសង្វាក់គ្នា រហូតឈានទៅបង្កើតជាទំនាក់ទំនងស្នេហារហូតមក។ ពេលទាក់ទងគ្នាដំបូង គាត់បានសារភាពតែម្ដងថា គាត់ជាមនុស្សស្រីស្រឡាញ់ស្រី ។ គាត់បានសារភាព និងចូលខ្លួនទៅស្ដីដណ្ដឹងខ្ញុំ ពីម្ដាយរបស់ខ្ញុំ ថាគាត់ច្បាស់លាស់នឹងខ្ញុំ ចង់មានគ្រួសារមួយពិតប្រាកដជាមួយគ្នាមិនមែនគ្រាន់តែលេងសើចឡើយ។ ផ្ទុយទៅវិញ ទំនាក់ទំនងក្ដីស្រឡាញ់របស់ពួកយើងត្រូវបាន បងប្អូនរបស់ខ្ញុំគេមិនទទួលយកទេ! បងៗនិយាយថា៖ «បងប្អូនរបស់ខ្ញុំមិនដែលមានអ្នកណាជាអ្នកស្រឡាញ់ភេទដូចគ្នាទេ ហើយអ្នកស្រឡាញ់ភេទដូចគ្នារស់នៅជាមួយគ្នា គ្មានអនាគតនោះទេ»។ សម្រាប់ខ្ញុំ អនាគត គឺការរស់នៅជាមួយមនុស្សដែលយើងស្រឡាញ់ មើលថែរក្សាគ្នា និងមានមុខរបរច្បាស់លាស់ នោះហើយជាអនាគតរបស់ខ្ញុំ។ មិនយូរប៉ុន្មាន ទំនាក់ទំនងរបស់ពួកយើង បានឈានទៅដល់មួយកម្រិតទៀត គឺពួកយើងសម្រេចចិត្ដចុះ​ សេចក្ដីថ្លែងទំនាក់ទំនងគ្រួសារ ជាមួយគ្នាកាលពីឆ្នាំ២០២០នៅក្នុងភូមិព្រៃតាសរ ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្ដព្រៃវែង។ សេចក្ដីថ្លែងទំនាក់ទំនងគ្រួសារ នេះធ្វើអោយពួកយើងទាំងពីរនាក់សប្បាយចិត្ដ មានអារម្មណ៍កក់ក្ដៅ និងបង្កើនទំនុកចិត្ដលើគ្នាជាងមុន ព្រោះយើងទទួលបានការគាំទ្រពីសំណាក់អាជ្ញាធរមូលដ្ឋាន និងអ្នកនៅជុំវិញខ្លួនខ្ញុំ។ លើសពីនោះទៅទៀត បងប្អូនរបស់ខ្ញុំក៏បានផ្លាស់ប្ដូរផ្នត់គំនិតដែលធ្លាប់តែមិនទទួលយកពួកខ្ញុំ បែរជាបើកចិត្ដទូលាយទទួលយកការពិតរបស់យើង ដោយសារតែមានការគាំទ្រពីអាជ្ញាធរ ហើយពួកយើងថែមទាំងមានភស្ដុតាងបញ្ជាក់ពីចំណងដ៏រឹងមាំរបស់យើងថែមទៀតផង។

Oh hi there 👋
It’s nice to meet you.

Sign up to receive awesome content in your inbox.

We don’t spam! Read our privacy policy for more info.