ឪពុកម្តាយជាជម្រកការពារស្នេហាកូន

ទុយ រស្មី និង ជួប ស្រីណុច (កណ្តាល)

រូបថតដោយ៖ ព្រហ្ម អ៊ីរ៉ូ

អត្ថបទដោយ៖ ជ័យ សុខដុម

កែសម្រួលដោយ៖ លី​ ពិសី

«គ្រួសារជាជម្រកនៃជីវិត ហើយឪពុកម្តាយប្រៀបដូចជាដំបូលដ៏រឹងមាំការពារកូន។»

ស្រីណុច៖ ខ្ញុំមានមុខរបរតូចតាច ជាអ្នកលក់ប្រហិតចៀននិងពងទាកូនស្ងោរ ហើយ រស្មី ប្តីរបស់ខ្ញុំធ្វើការនៅសហគមន៍ឥន្ទធនូកម្ពុជា។ ៦ ឆ្នាំកន្លងមកនេះ យើងទាំងពីរនាក់រស់នៅជាមួយគ្នាដូចប្តីដូចប្រពន្ធក្នុងជីវភាពសាមញ្ញ។

រស្មី៖ គ្រួសារគឺជាការរស់នៅរបស់មនុស្សពីរនាក់ ឬមួយក្រុម ក្នុងន័យស្រឡាញ់ ទទួលបន្ទុកមើលថែរក្សាការពារគ្នាឱ្យជៀសផុតពី​បញ្ហាផ្សេងៗ។ ខ្ញុំនិងស្រីណុច ស្រឡាញ់ក្មេង ដែលនៅថ្ងៃអនាគតក៏មានបំណងចង់សុំកូនគេមកចិញ្ចឹម ហើយចង់មានសិទ្ធិ និងការទទួលខុសត្រូវពេញលេញក្នុងនាមជាឪពុកម្តាយ។ ប៉ុន្តែនៅពេលនិយាយដល់ផ្លូវច្បាប់ ហាក់មានឧបសគ្គច្រើនសម្រាប់គ្រួសារស្រឡាញ់ភេទដូចគ្នា។

ស្រីណុច៖ ពួកខ្ញុំរស់នៅមានសេចក្តីសុខព្រោះយើងស្រឡាញ់គ្នាដោយចិត្តស្មោះ ឱ្យតម្លៃគ្នាទៅវិញទៅមក ចាប់ដៃគ្នារកស៊ីធ្វើការដើម្បីជីវភាពមួយដ៏សមរម្យ និងថ្លៃថ្នូរ។ ហើយអ្វីដែលកាន់វិសេសវិសាលគឺ មានប៉ាម៉ែគាំទ្រ និងលើកទឹកចិត្តយ៉ាងពេញទំហឹង។ ក្តីសង្ឃឹមរបស់ពួកខ្ញុំមួយគឺ ច្បាប់នឹងការពារគ្រួសាររបស់ខ្ញុំដូចគ្នាទៅនឹងគ្រួសារអ្នកស្រឡាញ់ភេទផ្ទុយគ្នាដែរ គឺទាំងការរៀបការ ការសុំកូនគេមកចិញ្ចឹម និងសេរីភាព ផ្សេងៗទៀត។

រស្មី៖ គ្រួសាររបស់ខ្ញុំ ជាពិសេសការគាំទ្ររបស់ប៉ានិងម៉ែរបស់ខ្ញុំ ប្រៀបដូចដំបូលផ្ទះដែលការពារភ្លៀង ខ្យល់។ ប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅបំផុតរបស់ប៉ាខ្ញុំ ហើយដែលខ្ញុំចងចាំ និងផ្តល់កម្លាំងចិត្តឱ្យខ្ញុំ និងប្រពន្ធខ្ញុំជានិច្ចនោះគឺ «កូនគឺជាសាច់ឈាមរបស់យើង ដែលយើងស្រឡាញ់មិនអាចកាត់ថ្លៃបាន។ ជាឪពុកម្តាយមិនអាចស្អប់ មិនចង់ប្រេះឆា ហើយក៏មិនអាចបោះបង់ចោលកូនរបស់ខ្លួនដោយសារតែគេមានមនោសញ្ចេតនាជាមួយភេទដូចគ្នានោះទេ។ ដូច្នេះសេចក្តីសុខ និងសុភមង្គលរបស់កូនគឺសំខាន់ជាងអ្វីៗទាំងអស់។

ស្រីណុច៖ ឪពុកម្តាយ និងអាណាព្យាបាលទាំងសងខាងតែងតែព្យាយាមពន្យល់បកស្រាយដល់បងប្អូនញាតិមិត្តជិតឆ្ងាយឱ្យយល់ពីទំនាក់ទំនងស្នេហារបស់គ្រួសារខ្ញុំ ជាទឹកចិត្តដ៏មហាសាលមិនចង់ឱ្យគេមើលងាយកូន។ ពួកគាត់ធ្លាប់និយាយថា ចង់ឃើញប្រជាជនយើងមានសុភមង្គលដោយមានច្បាប់ការពារទាំងគ្រួសារតូចផ្ទាល់របស់យើង សហគមន៍ និងសង្គមជាតិទាំងមូល។

 

Oh hi there 👋
It’s nice to meet you.

Sign up to receive awesome content in your inbox.

We don’t spam! Read our privacy policy for more info.