សេចក្តីប្រកាសព័ត៌មានសប្តាហ៍មោទនភាព និង ទិវាអន្តរជាតិបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ឆ្នាំ​២០២១

ចក្ខុវិស័យរបស់សហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) គឺចង់ឃើញប្រទេសកម្ពុជា ជាទីកន្លែងដែលប្រជាពលរដ្ឋជាអ្នកស្រឡាញ់ភេទដូចគ្នា មានអារម្មណ៍រីករាយចំពោះខ្លួនគេ និងរស់នៅប្រកបដោយសុភមង្គល ដោយមានការការពារសិទ្ធិ ព្រមទាំងទទួលការគោរពនិងទទួលស្គាល់ពេញលេញ និងស្មើភាពគ្នាពីគ្រប់ផ្នែកនៃសង្គម ជាពិសេសពីគ្រួសារ សហគមន៍ និងអាជ្ញាធរ។

ចាប់តាំងពីឆ្នាំ២០០៩ សហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) រមែងប្រារព្ធកម្មវិធីសប្តាហ៍មោទនភាព និងទិវាអន្តរជាតិបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា នៅក្នុងខែឧសភា ជារៀងរាល់ឆ្នាំ ដែលមានសមាជិកមកពី២៥ខេត្តរាជធានីចូលរួមរាប់រយនាក់។​​ ដោយសារវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១ នេះ សហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) ប្រារព្ធកម្មវិធីសប្តាហ៍មោទនភាព និងទិវាអន្តរជាតិបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា តាមរយៈប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី១៤ ដល់ ទី៣០ ខែឧសភា ក្រោមប្រធានបទ #ទីកក់ក្តៅ។ (ការប្រារព្ធកម្មវិធីសប្តាហ៍មោទនភាព ឆ្នាំ២០១៨៖ https://youtu.be/ddBtjvEMvcM?t=8)

គោលបំណងរបស់ពួកយើងគឺប្រើឱកាសនៃទិវានេះ ដើម្បីបន្តជជែកពិភាក្សា ចែករំលែកនូវបទពិសោធន៍ និងការចូលរួមចំណែកតាមរយៈសកម្មភាពជាបន្តបន្ទាប់ជាមួយសមាជិកសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា សាធារណជន រាជរដ្ឋាភិបាលថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋាន អ្នកអាជីពវិជ្ជាជីវៈផ្នែកច្បាប់ សុខភាព សង្គមកិច្ច សារព័ត៌មាន សហគ្រិន និងបញ្ញាវន្ត ។ល។ អំពីការកសាងកម្ពុជាជាទីកក់ក្តៅ និងដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ពួកយើងទាំងអស់គ្នា តាមរយៈការតាំងចិត្ត និងលទ្ធភាពផ្សេងៗដូចគ្នា៖  

  • ពួកយើងអាច និងកំពុងចូលរួមកសាងកម្ពុជាជាទីកន្លែងដ៏កក់ក្តៅ ដោយចាប់ផ្តើមពីការកំណត់ខ្លួនឯង ដើម្បី ការភិវឌ្ឍ និងសុខមាលភាពផ្ទាល់ខ្លួន។ មានន័យថា បុគ្គលម្នាក់ៗគួរតែគោរព និងទទួលស្គាល់ភាពផ្សេងៗគ្នា និងបទពិសោធន៍ផ្សេងៗគ្នា ជាពិសេសជនក្រីក្រ និងជនងាយរងគ្រោះ ឆ្លើយតបនឹងតម្រូវការរបស់ពួកគេ ហើយអបអរសាទរនូវការរួមចំណែករបស់ពួកគេនៅគ្រប់ផ្នែក និងគ្រប់កម្រិត។ 
  • ពួកយើងអាចថែរក្សា និងគាំទ្រការប្តេជ្ញាចិត្ត ក៏ដូចជាទំនួលខុសត្រូវ ដើម្បីការពារ និងបង្កើនសេចក្តីស្រលាញ់ និងសុភមង្គលនៅក្នុងគ្រួសារ។ 
  • ពួកយើងបន្ត និងពង្រឹងប្រព័ន្ធគាំទ្រ និងសាមគ្គីភាព ដើម្បីភាពសុខដុមរបស់សហគមន៍គ្រប់ពេលវេលា ជាពិសេសអំឡុងពេលមានទុក្ខលំបាក និងវិបត្តិ។ 
  • ពួកយើងបន្ត ពង្រឹង និងច្នៃប្រឌិតនូវកិច្ចការងារដែលឈរលើមាគ៌ាសាមគ្គីភាព ដើម្បីសង្គមដែលមានភាពស្មើគ្នា។ 

 

សម្រាប់ព័ត៌មានបន្ថែម៖ https://www.facebook.com/RoCKHMERLGBT2009/ ទូរស័ព្ទទំនាក់ទំនង ទុយ រស្មី ០៧៧ ​៤៧២ ៤៥២ អ៉ីម៉េល៖ [email protected]

 

xxx

 

 

Oh hi there 👋
It’s nice to meet you.

Sign up to receive awesome content in your inbox.

We don’t spam! Read our privacy policy for more info.