ចាប់ដៃគ្នារហូតចាស់កោងខ្នង

ហ៊ន ឈឿន និង ពៅ ចន (កំពង់ធំ)

រូបថតដោយ៖ ព្រហ្ម អ៊ីរ៉ូ

អត្ថបទដោយ៖ ទុយ រស្មី

កែសម្រួលដោយ៖ លី​ ពិសី

«គ្រួសារយើងមានភាពសមរម្យដូចគេដូចឯងដែរ ចេះយល់ចិត្ត និងថែរក្សាគ្នាទៅវិញទៅមក ទោះបីជាស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។»

យាយឈឿន៖ ខ្ញុំ និងប្តី បានរស់នៅជាមួយគ្នាអស់រយៈកាល ៣៩ ឆ្នាំហើយ។ កាលពីស្រឡាញ់គ្នាដំបូង ម៉ែឪខឹងនឹងពួកខ្ញុំដែរ ប៉ុន្តែដោយសារពួកគាត់មើលឃើញយើងចេះស្រឡាញ់ យល់ចិត្ត មើលការខុសត្រូវគ្នា ខំប្រឹងរកស៊ី និងមានសេចក្តីសុខ ទើបអាចយកឈ្នះនឹងកំហឹងរបស់ពួកគាត់បាន។ រហូតដល់ពួកគាត់បានទទួលស្គាល់ពួកខ្ញុំទាំងពីរនាក់ជាគ្រួសារ ហើយជឿថាវាគឺជានិស្ស័យយ៉ាងពិតប្រាកដ ថែមទាំងចែកទ្រព្យសម្បត្តិ ដើម្បីបង្កើតគ្រួសារមួយដោយខ្លួនឯងឱ្យបានរឹងមាំ។ ខ្ញុំនៅចាំពាក្យជូនពររបស់ម៉ែឪខ្ញុំថា ឱ្យយើងទាំងពីរនាក់ចេះស្រឡាញ់ និងថែរក្សាគ្នា ហើយពួកយើងពិតជាបានរួមរស់ជាមួយគ្នាយ៉ាងយូរអង្វែងរហូតដល់ចាស់រៀងៗខ្លួនមែន។

ពួកខ្ញុំក៏បានចិញ្ចឹមចៅម្នាក់តាំងពីបាតជើងក្រហម។ ឥឡូវនេះ គេទៅធ្វើការនៅភ្នំពេញ ថ្ងៃសៅរ៍អាទិត្យទើបមកលេងផ្ទះ ហើយពេលខ្លះរហូតដល់មួយខែទៅពីរខែទើបមកម្តង។

តាចន៖ សុភមង្គលគ្រួសារគឺកើតចេញពីយើងពីរនាក់ គឺការចេះស្រឡាញ់ អប់រំ និងធ្វើល្អចំពោះគ្នា។ ដូច្នេះគ្រួសារយើងមិនខុសពីគេទេ។

យាយឈឿន៖ សព្វថ្ងៃក៏មានការទទួលស្គាល់ដឹងឮកាន់តែច្រើន និងមានច្បាប់ការពារផងដែរ គ្រាន់តែថាគូស្រករអ្នកស្រឡាញ់ភេទដូចគ្នាមិនអាចចុះសំបុត្រអាពាហ៍ពិពាហ៍បានដូចប្តីប្រពន្ធភេទផ្ទុយឡើយ។ បំណងប្រាថ្នារបស់ខ្ញុំគឺ ច្បាប់រៀបការអាចចុះអេតាស៊ីវិលបានស្មើគ្នាទាំងអ្នកស្រឡាញ់ភេទដូចគ្នា និងផ្ទុយគ្នា ពីព្រោះថាយើងជាមនុស្សជាតិដូចគ្នា។ មានច្បាប់ការពារគ្រួសារ និងទ្រព្យសម្បត្តិរបស់យើងគឺ ធ្វើឱ្យយើងមិនព្រួយបារម្ភ ឬតក់ស្លុត ពីភាពយាយី និងការស្អប់ខ្ពើមរបស់ជនដទៃ។

តាចន៖ រាល់ថ្ងៃមានគេរាប់អានខ្ញុំជាចាស់ទុំក្នុងភូមិដូចអ្នកផ្សេងដែរ មិនមានបញ្ហាអ្វីទេ។ ប៉ុន្តែមានអ្នកមួយចំនួនតូចនៅតែមើលងាយមើលថោក បន្តុះបង្អាប់ និងរុកគួន ដោយចេញពាក្យសម្តីមិនសមរម្យថា ស្រីស្រឡាញ់ស្រីគ្មានអីអស្ចារ្យ ព្រោះគ្មានច្បាប់ទម្លាប់អីផង។ ទង្វើទាំងនេះគឺ ដោយសារគេមិនពេញចិត្តដែលពួកខ្ញុំស្រឡាញ់ភេទដូចគ្នា។ ដូច្នេះ ពួកខ្ញុំចង់បានច្បាប់ដែលការពារគ្រួសារអ្នកស្រឡាញ់ភេទដូចគ្នា កុំ​ឱ្យគេមើលងាយតទៅទៀត។

Oh hi there 👋
It’s nice to meet you.

Sign up to receive awesome content in your inbox.

We don’t spam! Read our privacy policy for more info.