«សេវាសាធារណៈ និងសេវាគាំពារសង្គម ដែលអ្នកស្រឡាញ់ភេទដូចគ្នា និងគ្រួសារត្រូវការ»
ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិ និងករណីយកិច្ចស្មើៗគ្នា ធានាដោយរដ្ឋធម្មនុញ្ញ ( មាត្រា៣១ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣)។ ប្រជាពលរដ្ឋស្រឡាញ់ភេទដូចគ្នាជាបុគ្គលក្ដី និងក្រុមគ្រួសារក្តី ត្រូវការ និងទទួលបានសេវាសាធារណៈ និងឯកសារអត្រានុកូលដ្ឋាន និងប័ណ្ណសម្គាល់ខ្លួនសំខាន់ៗ រួមមានសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រអាពាហ៍ពិពាហ៍ និងសេវាគាំពារសង្គមផងដែរ ។ ដោយសារប្រទេសកម្ពុជាមិនទាន់មានច្បាប់ និងបទប្បញ្ញត្តិជាក់លាក់ដែល ១)ទទួលស្គាល់អាពាហ៍ពិពាហ៍ស្របច្បាប់សម្រាប់ដៃគូភេទដូចគ្នា, ២)ទទួលស្គាល់អត្តសញ្ញាណយេនឌ័ររបស់អ្នកផ្លាស់ប្តូរយេនឌ័រ ដែលឆ្លើយតបតម្រូវការស្របនឹងស្ថានភាពពិតជាក់ស្តែង របស់អ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមគ្រួសាររបស់គេនៅឡើយទេ។.
ដូច្នេះ សៀវភៅ «សេវាសាធារណៈ និងសេវាគាំពារសង្គម ដែលអ្នកស្រឡាញ់ភេទដូចគ្នា និងគ្រួសារត្រូវការ» នឹងផ្តល់ព័ត៌មានខ្លីៗពីសេវាសាធារណៈ និង ឯកសារដែលសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាអាចទទួលបាន និងកម្រិតលក្ខខណ្ឌ នៃការទទួលបានផងដែរ។ សៀវភៅនេះ ក៏នឹងបង្ហាញទាំងជាការពន្យល់ រូបភាពពិត និងរូបពន្យល់បន្ថែមអំពីអត្តសញ្ញាណនីមួយៗនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងទំនាក់ទំនងនៃដៃគូ និងគ្រួសារអ្នកស្រឡាញ់ភេទដូចគ្នា ដែលមានទម្រង់ខុសៗគ្នា។ ក្រោយពីការស្វែងយល់បរិបទជាក់លាក់ យើងនឹងអាចឈានទៅរកការទទួលបានផ្នែកសេវាសាធារណៈ និង សេវាគាំពារសង្គម ដែលសហគមន៍នេះត្រូវការផ្អែកលើអត្តសញ្ញាណរបស់ពួកគេ ក៏ដូចជាទម្រង់នៃក្រុមគ្រួសាររបស់ពួកគេ។