សេចក្ដីប្រកាសព័ត៌មាន៖ សង្គមស៊ីវិលបានចេញរបាយការណ៍ពាក់កណ្តាលអាណត្តិនៃការពិនិត្យស្ថានភាពសិទ្ធិមនុស្សជាសកលតាមកាលកំណត់ (យូ.ភី.អ) ស្តីអំពីសិទ្ធិស្រ្តីស្រឡាញ់ស្រ្ដី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ អ្នកប្ដូរយេនឌ័រ នៅប្រទេសកម្ពុជា

ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ សង្គមស៊ីវិលបានចេញរបាយការណ៍ស្តីអំពីសិទ្ធិនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ និងសិទ្ធិសុខភាពផ្លូវភេទនិងបន្តពូជ សម្រាប់ការពិនិត្យស្ថានភាពសិទ្ធិមនុស្សជាសកលតាមកាលកំណត់ (យូ.ភី.អ) ពាក់កណ្តាលអាណត្តិ ដោយការស្ម័គ្រចិត្ត។

របាយការណ៍រួមត្រូវបានគាំទ្រដោយអង្គការសង្គមស៊ីវិលចំនួន១៩ ដែលធ្វើការលើការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា សិទ្ធិសុខភាពផ្លូវភេទនិងបន្តពូជ សិទ្ធិស្ត្រី សមភាពយេនឌ័រ និងសិទ្ធិកុមារ។ របាយការណ៍រួមបង្ហាញនូវការប៉ាន់ប្រមាណនៃវឌ្ឍនភាពរបស់កម្ពុជាឆ្ពោះទៅកាន់ការអនុវត្តអនុសាសន៍ យូ.ភី.អ ស្តីពីសិទ្ធិនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ និងសិទ្ធិសុខភាពផ្លូវភេទនិងបន្តពូជ ដែលកម្ពុជាបានទទួលយកកាលពីឆ្នាំ២០១៩។ របាយការណ៍នេះក៏បានលើកឡើងនូវអនុសាសន៍ជាក់លាក់អំពីជំហានបន្ទាប់ជូនទៅដល់រាជរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធផ្សេងទៀត រួមមានប្រទេសដែលបានផ្តល់អនុសាសន៍ និងភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយភាពចន្លោះប្រហោងដែលនៅសេសសល់ និងធានានូវការអនុវត្តអនុសាសន៍ដែលបានទទួលយក ស្តីពីសិទ្ធិនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញ យេនឌ័រ និងលក្ខណៈភេទ និងសិទ្ធិសុខភាពផ្លូវភេទនិងបន្តពូជ ឱ្យមានប្រសិទ្ធភាព និងឱ្យបានមុន យូ.ភី.អ ជុំបន្ទាប់ ដែលនាំឱ្យមានការពារសិទ្ធិមនុស្សរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅទូទាំងប្រទេសកម្ពុជា។

នៅក្នុងការត្រួតពិនិត្យ UPR ជុំទី៣ ឆ្នាំ២០១៩ ប្រទេសកម្ពុជាបានទទួលយក ប្រទេសកម្ពុជាបានទទួលយក អនុសាសន៍ចំនួន ៩ អំពីការការពារសិទ្ធិស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ អ្នកប្តូរយេនឌ័រ អ្នកអន្តរភេទ និងអ្នកមិនកំណត់អត្តសញ្ញាណយេនឌ័រ និងនិន្នាការភេទ (LGBTIQ) ។ អនុសាសន៍ទាំងនោះផ្តោតលើកំណែទម្រង់ច្បាប់ និងគោលនយោបាយ ៣ ជាចម្បងគឺ៖ (១) វិសោធនកម្ម មាត្រា៤៥ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុញ្ញាតសមភាពអាពាហ៍ពិពាហ៍ស្របច្បាប់សម្រាប់ដៃគូភេទដូចគ្នា (២) បង្កើតច្បាប់និងគោលនយោបាយប្រឆាំងការរើសអើងផ្អែកលើនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ និង (៣) បង្កើតច្បាប់ទទួលស្គាល់អត្តសញ្ញាណយេនឌ័រសម្រាប់អ្នកប្តូរយេនឌ័រ។

ចាប់ពីឆ្នាំ២០១៩មក សង្គមស៊ីវិលបានកត់សម្គាល់ និងកោតសរសើរនូវវឌ្ឍនភាពមួយចំនួនលើការងារលើកកម្ពស់ និងការការពារសិទ្ធិស្មើភាពគ្នារបស់អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ ពួកយើងក៏សង្កេតឃើញថា រាជរដ្ឋាភិបាលកម្ពុជាមិនទាន់រៀបចំឱ្យមានសកម្មភាពជាក់លាក់ក្នុងការជំរុញនូវដំណើរការរៀបចំកែប្រែច្បាប់សំខាន់ៗ ដើម្បីអនុវត្តអនុសាសន៍ស្តីអំពីសិទ្ធិនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ ដែលកម្ពុជាទទួលយកនៅជុំទី៣ឱ្យបានពេញលេញនៅឡើយទេ។

នៅខណៈពេលដែលពួកយើងមានការកោតសរសើរចំពោះវឌ្ឍនភាព សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជាក៏នៅតែបន្តរងគ្រោះពីការរើសអើងជាច្រើនទម្រង់ពីផ្នែកសង្គម និងផ្នែកច្បាប់ ដែលមូលហេតុចម្បងគឺបណ្តាលមកពី (១) ការផាត់ចេញដៃគូអ្នកស្រឡាញ់ភេទដូចគ្នាពីការរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ (២) កង្វះការការពារផ្លូវច្បាប់ជាក់លាក់ប្រឆាំងនឹងការរើសអើងផ្អែកលើនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ នៅក្នុងវិស័យការងារ សុខាភិបាល និងអប់រំ (៣) កង្វះការតាក់តែងច្បាប់ស្តីពីការទទួលស្គាល់អត្តសញ្ញាណយេនឌ័ររបស់អ្នកផ្លាស់ប្តូរយេនឌ័រនៅលើឯកសារផ្លូវច្បាប់ រួមមានអត្តសញ្ញាណបណ្ណ ជាដើម។

ក្នុងរបាយការណ៍ យូ.ភី.អ ពាក់កណ្តាលអាណត្តិស្តីអំពីសិទ្ធិនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ និងសិទ្ធិសុខភាពផ្លូវភេទនិងបន្តពូជ សង្គមស៊ីវិលបង្ហាញនូវអនុសាសន៍ជាក់លាក់អំពីជំហានបន្ទាប់ជូនទៅដល់រាជរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា ដោយធានានូវការអនុវត្តអនុសាសន៍ យូ.ភី.អ ដែលបានទទួលយក ស្តីពីសិទ្ធិនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ និងសិទ្ធិសុខភាពផ្លូវភេទនិងបន្តពូជ ឱ្យមានប្រសិទ្ធភាព ជាពិសេសគឺការអនុញ្ញាតឱ្យដៃគូភេទដូចគ្នាអាចចុះសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់បាន។

លោកអ្នកអាចទាក់យករបាយការណ៍ពេញលេញ តាមតំណរភ្ជាប់នេះ៖ https://bit.ly/3ptZdd8
លោកអ្នកអាចទាក់យកសន្លឹកព័ត៌មានសង្ខេប តាមតំណរភ្ជាប់នេះជាភាសាអង់គ្លេស៖ https://bit.ly/3pnVrSE និងជាភាសាខ្មែរ៖ https://bit.ly/3ptanij

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
កញ្ញា លី ពិសី អ្នកសម្របសម្រួល អង្គការសហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់)។ លេខទូរស័ព្ទ៖ ០១២ ៦៩៧ ៦៤១ អ៊ីម៉េល៖ [email protected]

Oh hi there 👋
It’s nice to meet you.

Sign up to receive awesome content in your inbox.

We don’t spam! Read our privacy policy for more info.