បំណងប្រាថ្នាដើម្បីក្មេងជំនាន់ក្រោយ
ទិត្យ ម៉ាន់ (ហៅថន) និង ឌុល ថុល (ពោធិ៍សាត់)
រូបថតដោយ៖ ព្រហ្ម អ៊ីរ៉ូ
អត្ថបទដោយ៖ ហេង ជ័យលាភី
«វាវិសេសវិសាលបំផុត ព្រោះយើងអាចរួមរស់ជាមួយមនុស្សដែលយើងស្រឡាញ់រហូតដល់ជរារៀងៗខ្លួន តែនៅតែមិនទាន់អស់ចិត្ត។»
យាយ ថុល៖ ខ្ញុំរស់នៅជាមួយយាយថនជាប្រពន្ធតាំងតែពីឆ្នាំ ១៩៧៥ ក្នុងជំនាន់ដែលលំបាកបំផុត និង មិនអាចបំភ្លេចបាន។ រយៈពេល ៤០ ឆ្នាំកន្លងទៅ ពួកខ្ញុំមានកូនម្នាក់ និងមានចៅ ៧ នាក់ ដែលចេញធ្វើការរកស៊ីនៅស្រុកគេអស់ហើយ។ រាល់ថ្ងៃមានតែចៅពីរនាក់កំពុងនៅរៀន។ ដោយសារនៅផ្ទះជិតគ្នា ពួកគេតែងមកដេកលេងកំដរពួកខ្ញុំជាយាយតាចាស់ៗ ពិសេសនៅពេលខ្ញុំនៅផ្ទះម្នាក់ឯង ដោយសារយាយ ថន មានធុរៈទៅក្រៅ។
(យាយ ថុល ហៅ យាយ ថន តាំងតែពីដើមរហូតដល់សព្វថ្ងៃ តាក៏មិនប្រកាន់ តែតាចង់ឱ្យអ្នកក្រៅហៅតាជំនួសឱ្យយាយ)។
តា ថន៖ ខ្ញុំទាំងពីរបានហែលឆ្លងរឿងរ៉ាវផ្អែមល្វីងជូរចត់ជាច្រើនតាំងពីក្មេងរហូតដល់ចាស់ៗអស់ហើយ។ ខ្ញុំសប្បាយចិត្តដែលបានរួមរស់ជាមួយយាយ ស្រីដែលខ្ញុំស្រឡាញ់ តស៊ូស្វិតស្វាញ ខំប្រឹងរកស៊ី ស៊ីអត់ស៊ីឃ្លាន ទំរាំនឹងអាចរួមរស់ជាមួយគ្នាបាន។ នឹកឃើញគ្រានោះ យើងទាំងពីរស្ទើរតែបាត់បង់គ្នា ដោយសារតែឪពុកម្តាយបង្ខំផ្សំផ្គុំយាយឱ្យទៅប្រុសផ្សេង ហើយគ្រួសារគំរាមកំហែងដោយអាវុធ។ តែដោយចិត្តស្រឡាញ់ស្មោះ និងជានិស្ស័យពិតប្រាកដ យើងអាចជំនះឧបសគ្គបានសព្វបែបយ៉ាង។ ខ្ញុំនិងយាយ កាន់តែចាស់ វាហួសពេលនឹងរៀបការហើយ។ តែពួកខ្ញុំខំប្រឹងចូលរួមចែកបទពិសោធន៍ជីវិតគ្រួសារ ចង់ឱ្យសហគមន៍គាំទ្រ មានច្បាប់ទម្លាប់ការពារ ដើម្បីកូនចៅជំនាន់ក្រោយដែលស្រឡាញ់ភេទដូចគ្នាមានឱកាស មានសិទ្ធិរៀបការបំពេញបំណងខ្លួនឯងបាន ព្រោះវាក៏ជាសេចក្តីសុខមួយ។ នេះគឺជាបំណងមួយដ៏ធំរបស់ខ្ញុំ។
យាយ ថុល៖ ខ្ញុំទាំងពីរនាក់មិនគិតអីច្រើនទៀតទេ ដោយសារតែអាយុកាន់តែជវាណាស់ហើយ។ យើងគិតតែនាំគ្នាទៅវត្ត ធ្វើបុណ្យធ្វើទានសន្សំកុសល និងសេចក្តីសុខ។ ខ្ញុំចង់ផ្តាំផ្ញើទៅកូនៗជំនាន់ក្រោយថា កុំឱ្យព្រួយចិត្ត កុំខ្លាចពិបាកពេលអត់កូន ព្រោះបទពិសោធន៍ពួកខ្ញុំគឺយើងអាចចិញ្ចឹមកូនចៅ បង្កើតគ្រួសារដ៏ធំមួយបាន ហើយមិនចាំបាច់តែយើងត្រូវបង្កើតគេទេ។ ស្រណុក ឬលំបាកគឺអាស្រ័យលើចិត្តរបស់យើង។ ការដែលយើងចាប់ដៃគ្នារកស៊ី ផ្សែផ្សំគ្នា មានតិចហូបតិច មានច្រើនហូបច្រើន ចុះសម្រុង អត់ឱនឱ្យគ្នា ហើយជួយមើលថែគ្នាបាន គ្រួសារយើងគឺពិតជាបានសុខហើយ។