...

លោក ប៊្យន ហេកម៉ាក ឯកអគ្គរាជទូតស៊ុយអែតប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសប្តាហ៍មោទនភាព និងទិវាបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នាឆ្នាំ២០២១

ពីស្ថានទូតស៊ុយអែតប្រចាំប្រទេសកម្ពុជា ពួកយើងទទួលបានការចូលរួមពីអគ្គរាជទូត លោក ប៊្យន ហេកម៉ាក ដែលលោកបានចូលរួមឆ្លើយសំណួរជុំវិញការគាំទ្រសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជា។

  ១.តើស្ថានទូតបានធ្វើអ្វីខ្លះក្នុងការគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នា?

ស្ថានទូតស៊ុយអែត និងភ្នាក់ងារអភិវឌ្ឍអន្តរជាតិរបស់ប្រទេសស៊ុយអែត(Sida) តែងតែគាំទ្រដល់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅប្រទេសកម្ពុជាតាមវិធីផ្សេងៗគ្នា។ តាមរយៈស្ថាប័នរបស់ ស៊ុយអែតដូចជា សមាគមអប់រំផ្លូវភេទស៊ុយអែត (RFSU) ពួកយើងបានការគាំទ្រផ្នែកហិរញ្ញវត្ថុទៅដល់ការងាររបស់រ៉ក់ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការ រ៉ាក់។ ស្ថាប័នទាំងនេះបានធ្វើការយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសិទ្ធិសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។ ស្ថាប័នទាំងនេះធ្វើការរបស់ពួកគេដោយផ្តោតលើផ្នែកផ្សេងៗគ្នា។ ពួកយើងគាំទ្រការងាររបស់ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR) ដែលផ្តោតលើសមភាពសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។ ពួកយើងបានអញ្ជើញសមាជិកសហគមន៍ ចូលរួមពិភាក្សាលើប្រធានបទផ្សេងៗ ដើម្បីលើកឡើងនូវឧបសគ្គរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងគូសវាសផ្លូវដើម្បីដើរបន្តទៀត។ ពួកយើងបានគាំទ្ររ៉ក់ក្នុងការរៀបចំសកម្មភាពសប្តាហ៍មោទនភាពជាច្រើនឆ្នាំកន្លងមក។ ស្ថានទូត និងក្រសួងការបរទេសនៃប្រទេសស៊ុយអែត តែងតែមានកិច្ចសន្ទនាអំពីសិទ្ធិមនុស្ស ជាបន្តបន្ទាប់ជាមួយរដ្ឋាភិបាលប្រទេសកម្ពុជា រួមទាំងប្រធានបទសមធម៌ និងការគោរពសិទ្ធិមនុស្សគ្រប់គ្នា មិនថាពួកគេមាននិន្នាការភេទអ្វីនោះឡើយ។

២.តើស្ថានភាពអ្នកស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជានៅប្រមាណ១ទៅ២ឆ្នាំចុងក្រោយមានលក្ខណៈបែបណា? 

ទំនាក់ទំនងភេទដូចគ្នាគឺមិនត្រូវបានគេដាក់ទោសទណ្ឌនោះទេនៅប្រទេសកម្ពុជា ប៉ុន្តែក៏មិនមានការការពារ ឬទទួលស្គាល់ដោយច្បាប់ដែរ។ ច្បាប់មិនបានបញ្ជាក់ច្បាស់ពីការហាមប្រាមការរើសអើងផ្អែកលើនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រទេ ហើយក៏មិនមានការដាក់ទោសលើការរំលោភបំពានសិទ្ធិមនុស្សអ្នកស្រឡាញ់ភេទដូចគ្នាដែរ។ ប៉ុន្តែថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវឆន្ទៈ និងគំនិតផ្តួចផ្តើមបញ្ចូលបុគ្គលអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងផែនការ និងកម្មវិធីនានា ហើយសមិទ្ធិផលនេះគឺកើតចេញពីការខំប្រឹងប្រែងរបស់សហគមន៍ និងអង្គការដែលធ្វើរឿងនេះ។

៣.ហេតុអ្វីបានជាវាសំខាន់ក្នុងការគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នា?

សម្រាប់ប្រទេសស៊ុយអែត វាជាបញ្ហាសំខាន់ក្នុងការគាំទ្រសិទ្ធិនៃភាពជាខ្លួនឯង។ វាជាសិទ្ធិមនុស្ស!

ស៊ុយអែតជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១០ ដែលមានបរិយាកាសល្អជាងគេសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ហើយប្រជាជនស៊ុយអែតបន្តតស៊ូដើម្បីការអភិវឌ្ឍបន្ថែមទៀត។ វាគួរតែជារឿងដែលជាក់ច្បាស់ ក្នុងការគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នាឱ្យប្រើប្រាស់សិទ្ធិ និងឱកាសដូចអ្នកដទៃដែរ។ មនុស្សគ្រប់គ្នាគួរមានសិទ្ធិស្រឡាញ់ និងទទួលបានក្តីស្រឡាញ់ ដោយមិនប្រកាន់នូវនិន្នការភេទ និងអត្តសញ្ញាណយេនឌ័រនោះទេ។

៤.តើអ្នកមានផែនការអ្វីបន្តទៀតដើម្បីឱ្យសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាកាន់តែប្រសើរ?

ពួកយើងគ្រោងនឹងបន្តគាំទ្រស្ថាប័នអង្គការដែលធ្វើការលើសមភាពសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។ ការមិនរើសអើង និងការចូលរួម គឺជាផ្នែកសំខាន់នៃវិធីសាស្ត្រដែលយកសិទ្ធិមនុស្សជាគោល ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការផ្នែកអភិវឌ្ឍន៍នៃប្រទេសស៊ុយអែត។ ពួកយើងនឹងធ្វើតាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុ បណ្តាញសង្គមរបស់ពួកយើង ហើយពួកយើងក៏នឹងធ្វើកិច្ចការនេះដោយសន្ទនាជាមួយរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ដទៃទៀតផងដែរ។

Oh hi there 👋
It’s nice to meet you.

Sign up to receive awesome content in your inbox.

We don’t spam! Read our privacy policy for more info.