ត្រួយននោង

ននោងគឺជាបន្លែដែលមានឱជារសឆ្ងាញ់ហើយមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាពដូចជាវីតាមីន និងជាតិសរសៃ ឬ ហ្វាយប៊័រ (fiber) ដែលអាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ។ ទាំងផ្កា ទាំងផ្លែ និងត្រួយននោងគឺសុទ្ធសឹងតែអាចបរិភោគបានទាំងអស់ ទាំងស្ល ឆា និងធ្វើអន្លក់ជាដើម។ 

រូបថតដោយ ជុន សុធិន

បងទូច អាយុជាង៤០ឆ្នាំនិងបងចាន់ណា អាយុជិត៤០ឆ្នាំ រស់នៅជាមួយកូនស្រីអាយុ៧ឆ្នាំ ក្នុងភូមិតាហៀវក្រោម ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ពួកគាត់គឺជាកសិករដាំបន្លែបន្លុក ជាពិសេសគឺននោងដើម្បីយកត្រួយលក់ ហើយទុកហូបចុកខ្លួនឯងផង នៅលើថ្នាលទំហំប្រមាណ កន្លះហិកតាក្រៅពីធ្វើស្រែនៅរដូវវស្សា។ ពួកគាត់ដាំននោងយកទាំងត្រួយ និងទាំងផ្លែ ប៉ុន្តែភាគច្រើន ពួកគាត់យកផលជាត្រួយច្រើនជាងផ្លែ ព្រោះត្រួយងាយស្រួលលក់ និងបានថ្លៃ។ ការដាំដុះទៀតសោតក៏ងាយស្រួលដាំមិនចាំបាច់មានទ្រើង កាន់តែកាត់កាន់តែបែកមែកបោះទងច្រើន។ ទោះបីកាត់មិនទាន់ ក៏ចេញបានជាផ្លែលក់ទៀតផង។ ភាគច្រើនប្រជាជនខ្មែរ និយមយកផ្លែននោងធ្វើម្ហូប មិនសូវមានអ្នកដឹងថាត្រួយវាអាចបរិភោគបានទេ បើប្រៀបនឹងត្រួយល្ពៅ។ ដោយឡែក សម្រាប់អ្នកត្បូងឃ្មុំវិញគឺចូលចិត្តបន្លែត្រួយននោងនេះណាស់ ដោយពួកគាត់ យកមកធ្វើជាម្ហូបផ្សេងៗ។  

បងទូច និងបងចាន់ណា

និយាយដល់រឿងនេះ មានមិត្តភក្តិពីរនាក់របស់បងទូច និងបងចាន់ណា គឺបងម៉េងទ្រី និង បងតន់ ដែលរស់នៅភូមិស្រឡប់ ស្រុកត្បូងឃ្មុំដូចគ្នា បានប៉ងញុំាត្រួយននោងកាលពីឆ្នាំ២០២០ នៅពេលជិះឡានជុំគ្នាត្រឡប់ពីភ្នំពេញវិញ។ អ្នកទាំងពីរស្រមៃអស់រយៈពេលមួយឆ្នាំហើយថា មិនដឹងជាឆ្ងាញ់យ៉ាងណាទេបើបានយកត្រួយននោងមកធ្វើជាអន្លក់ទឹកគ្រឿងមួយមុខ និងឆាប្រេងខ្យងមួយមុខ។ និយាយបណ្តើរលេបទឹកមាត់បណ្តើរ ហើយផ្ទុះសំណើចយ៉ាងក្អាកក្អាយ សប្បាយរីករាយក្រៃលែង។ បងទូច និងបងចាន់ណា សន្យាថា ឱ្យតែប្អូនៗទៅលេងផ្ទះពួកបង នោះធានាថានឹងបានត្រួយននោងហូបមិនខាន។ 

ទឹកគ្រឿងនិងអន្លក់

ក្តីស្រមៃនេះក្លាយជាការពិត ដោយយើងទាំងអស់គ្នាបានទៅលេងផ្ទះបងទូច និងបងចាន់ណានៅអំឡុងពេលដើមរដូវប្រាំង ខែកុម្ភៈ ឆ្នាំ២០២១ មានភ្លៀងធ្លាក់កក់ខែដែរនោះ។ បងៗបាននាំពួកយើងទៅវាលស្រែបេះត្រួយននោង និងធ្វើម្ហូបដោយខ្លួនឯងផ្ទាល់។ អ្នកភូមិស្រឡប់ប្រាប់អ្នកភូមិតាហៀវក្រោមថា «នៅពេលដល់ខែស្ទូងបងកុំភ្លេចហៅពួកខ្ញុំមកផងព្រោះពួកខ្ញុំចង់ជួយស្ទូង និងបានជួបជុំគ្នាទៀត។ គ្រាន់តែស្រមៃក៏សប្បាយដែរ»។ 

បងទាំងពីរនាក់គឺពិតជាកសិករដែលមិនចេះនៅទំនេរដៃមែន គឺធ្វើទាំងស្រែទាំងចំការ មិនទុកដីឲ្យនៅទំនេរឡើយ។ ទាំងដីស្រែ និងដីជុំវិញផ្ទះសុទ្ធតែដាំដំណាំចម្រុះសព្វមុខ ដូចជាដំឡូង ម្រះ ល្ពៅ សណ្តែកកួរ ពោត ម្ទេស ស្លឹកគ្រៃ និងជីរ ជាដើម។ បងទូច និងបងចាន់ណាមមាញឹកនឹងការងារស្រែចំការ មើលថែថួនដំណាំនេះណាស់ ទាំងដកស្មៅ ជ្រោយដី ដាក់ជីរ ពូនគល់ ស្រោចទឹក ជារៀងរាល់ថ្ងៃ ក្រៅពីកិច្ចការងារផ្ទះ និងកូនចៅ។ ចាប់តាំងពីព្រឹកព្រហាមរហូតក្បាលព្រលប់ គ្រួសារដ៏តូចច្រឡឹងមួយនេះមិនបានទំនេរដៃទេ។ ប្រពន្ធចម្អិនអាហារពេលព្រឹក ប្តីបោកខោអាវ ហើយរៀបចំខ្លួន និងជូនកូនទៅរៀន។

ជីវិតជាកសិករ បងទាំងពីរឱ្យតម្លៃលើការអប់រំ ហើយជំរុញលើកទឹកចិត្តកូនឲ្យខំរៀន ពីព្រោះចំណេះគឺជាគ្រឹះដ៏រឹងមាំសម្រាប់អនាគតកូន។ ទើបតែអាយុ៧ឆ្នាំ សុខនារៀនថ្នាក់ទី៣ នាងមានភាពក្លាហាន យល់រាក់ជ្រៅ មានសម្តីសំដៅដូចមនុស្សធំ គួរឲ្យសរសើរ។ វាប្រហែលមិនមែនជាភាពចៃដន្យនោះទេ ដែលគ្រួសារដ៏តូចមួយនេះមានទំនាក់ទំនង ការសន្ទនា និងជីវភាពពោរពេញដោយភាពកក់ក្តៅ។ សេចក្តីស្រឡាញ់ ព្រហ្មវិហារធម៌ ចិញ្ចឹមបីបាច់ថែរក្សាថ្នាក់ថ្នម ការពិភាក្សា សួរនាំ ពន្យល់អប់រំ ដោយភាពអត់ធ្មត់ គ្រប់កាយវិការក្នុងជីវភាពប្រចាំថ្ងៃ។ ជីដូនជីតា ញាតិសន្តាន អ្នកជិតខាងភូមិផងរបងជាមួយមានទំនាក់ទំនងល្អជាមួយគ្នា ចេះជួយទុក្ខធុរៈ ចែករំលែក និងជួយយកអាសារគ្នា។ ទង្វើល្អៗទាំងនេះគឺឆ្លុះបញ្ចាំងពីទំនួលខុសត្រូវខ្ពស់ក្នុងភាពជាម្តាយឪពុក គ្រួសារ និងជាសហគមន៍ ដែលជាកញ្ចក់ដ៏ថ្លាយង់សម្រាប់សុខនា។   

ភស្តុតាងសបញ្ជាក់ពីទឹកចិត្តដ៏ស្រស់ស្អាត ក្តីស្រឡាញ់ដ៏មហិមារវាងកូននិងម្តាយឪពុក បានស្តែងចេញនៅពេលបងទូចឈឺ ហើយសុខនានៅជួយមើលថែ បញ្ចុកបាយ ជ្រលក់កន្សែងជូតខ្លួនបន្ថយកំដៅ ហើយទប់គ្រាឪពុកងើបអង្គុយកុំឲ្យដួល។ អង្គុយជជែកគ្នាលែងក្រោមម្លប់ដើមស្វាយមុខផ្ទះ បងៗបានសួរសុខនាថា ហេតុអ្វីបានជាកូនយកចិត្តទុកដាក់ និងមើលថែប៉ា? នាងតូចឆ្លើយយ៉ាងម៉ឺងម៉ាត់ ហើយសាមញ្ញថា៖

«ខ្ញុំស្រឡាញ់ម៉ាក់ប៉ា ហើយបារម្ភពីពួកគាត់នៅពេលពួកគាត់ឈឺ។ ការដែលខ្ញុំជួយមើលថែប៉ាគឺអ្វីដែលកូនល្អគួរតែធ្វើ ហើយម៉ាក់ប៉ាតែងតែអប់រំខ្ញុំឲ្យធ្វើជាកូនល្អ និងជាមនុស្សល្អ។ ម៉ាក់ប៉ាតែងតែថែរក្សា ចិញ្ចឹមបីបាច់ និងស្រឡាញ់ខ្ញុំដែរ មិនថានៅពេលខ្ញុំជា ឬ ឈឺនោះទេ។» 

ពេលវេលាមួយថ្ងៃកន្លះដ៏ខ្លីបានរំលងផុតទៅបន្សល់នូវអនុស្សាវរីយ៍ល្អៗជាមួយគ្នា នៅក្នុងផ្ទះតៀមមួយដែលពោរពេញដោយសេចក្តីសុខ និងភាពកក់ក្តៅ។ អាហារមួយពេលនេះពិតជាមានអត្ថន័យខ្លាំងណាស់ ដោយសារក្តីស្រមៃរំពឹងរំពៃឆីត្រួយននោងក្លាយជាការពិត ខសន្យាចំពោះមិត្តក៏បានបំពេញ ចំណងមិត្តភាពក៏រឹតចងបណ្តឹង។ ពិតជាដូចពាក្យចាស់លោកពោលមែន «ចង្អៀតផ្ទះតែមិនចង្អៀតចិត្ត»។ ចិត្តដែលស្រឡាញ់ សណ្តោសប្រណី គោរព រាប់អាន យកចិត្តទុកដាក់ ក្នុងនាមជាម្តាយឪពុក ជាកូន ជាមិត្តភក្តិ ជាញាតិសន្តាន និងជាអ្នកជិតខាង។ ការថែរក្សានូវទឹកចិត្ត និងទំនាក់ទំនងដ៏ជិតស្និទនេះប្រៀបបាននឹងចំការននោងលាតសន្ធឹងល្វឹងលើ្វយ បោះដៃវែងខ្លី មានត្រួយចាស់ខ្ចី បែកមែកសាខា ចេញផ្កាចេញផ្លែ ដែលផ្តល់នូវភាពរីករាយសម្រាប់គ្រប់គ្នា៕ 

Oh hi there 👋
It’s nice to meet you.

Sign up to receive awesome content in your inbox.

We don’t spam! Read our privacy policy for more info.