អនុស្សាវរីយ៍ស្នេហ៍អ្នកឡើងត្នោត

សុត យន់ និង សែម អៀង (តាកែវ)

រូបថតដោយ៖ ព្រហ្ម អ៊ីរ៉ូ

អត្ថបទដោយ៖ ជ័យ សុខដុម

កែសម្រួលដោយ៖ លី​ ពិសី

«សុភមង្គលគ្រួសារកើតចេញការរួមចំណែករបស់សមាជិកទាំងអស់គ្នា មានទាំងការស្រឡាញ់ យល់ចិត្តទទួលខុសត្រូវ ចិញ្ចឹមបីបាច់ថែរក្សា អប់រំកូនចៅ និងកសាងជីវភាពរស់នៅឱ្យបានសមរម្យ។»

យន់៖ ខ្ញុំ និងប្រពន្ធរស់នៅភូមិស្តុកព្រៃ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ រយៈពេល៤០ឆ្នាំហើយ ចាប់តាំងពីឆ្នាំ១៩៧៩ មក។ កាលចាប់ដៃគ្នាជាប្តីប្រពន្ធ ពួកខ្ញុំមិនបានរៀបការទេ គឺគ្រាន់តែសែនព្រេនបន្តិចបន្តួចដោយធ្វើរួមគ្នានៅពេលឡើងផ្ទះ ដើម្បីឱ្យចាស់ទុំដឹងឮ ថាយើងសម្រេចចិត្តរួមរស់ជាមួយគ្នាពិតប្រាកដមែន។ ខ្ញុំមានមុខរបរជាអ្នកឡើងត្នោត ធ្វើស្ករត្នោត ពួកខ្ញុំទាំងពីរនាក់ខំប្រឹងសន្សំប្រាក់កាសធ្វើផ្ទះនៅសមរម្យដូចគេដូចឯង។ តែឥលូវអាយុកាន់តែចាស់ កំលាំងកាន់តែទន់ ខ្ញុំមិនអាចឡើងត្នោតទៀតបានទេ។ ឥឡូវនាំគ្នាលក់អីវ៉ាន់ចាប់ហ៊ួយ និងចិញ្ចឹមទាបន្តិចបន្តួចនៅផ្ទះ គ្រាន់បានចំណូលទ្រទ្រង់ជីវភាព។

អៀង៖ សព្វថ្ងៃគ្រួសារពួកខ្ញុំមានសមាជិក៥នាក់ យកកូននិងចៅមកចិញ្ចឹមបីបាច់ថែរក្សា ទំនុកបំរុងរឿងហូបចុក អប់រំទូន្មាន និងទទួលការបណ្តុះបណ្តាលរៀនសូត្រឲ្យមានចំណេះចេះដឹង និងមានមុខរបរដើម្បីចិញ្ចឹមជីវិត។ ពួកខ្ញុំមិនមែនគ្រាន់តែយកចិត្តទុកដាក់ចំពោះគ្រួសារខ្លួនឯងប៉ុណ្ណោះទេ សូម្បីតែបងប្អូនអ្នកភូមិផងរបងជាមួយ ក៏យើងជួយទុក្ខធុរៈគ្នាក្នុងគ្រាលំបាក ធ្វើបុណ្យធ្វើទានដែរ។

យន់៖ ពីមុនពួកខ្ញុំរស់នៅមិនហ៊ានចេញមុខទេ នៅលាក់លៀមព្រោះខ្លាចគេតិះដៀលដោយសារគេមិនពេញចិត្តឃើញយើងស្រីនិងស្រីស្រឡាញ់គ្នា។ ឥឡូវក៏នៅតែមានអ្នកមិនចូលចិត្តយើងដែរ តែមិនសូវមានច្រើនដូចមុន ហើយខ្ញុំត្រេកអរណាស់ដែលឃើញក្រសួងស្ថាប័នគាំទ្រពួកខ្ញុំ។ អ្វីដែលខ្ញុំមិនទាន់អស់ចិត្ត ហើយក៏នៅតែព្រួយបារម្ភនោះគឺ ទំនាក់ទំនងពួកខ្ញុំនៅក្នុងសៀវភៅគ្រួសារគេទទួលស្គាល់ជាបងប្អូនស្រី មិនមែនជាប្តីប្រពន្ធដូចនឹងការពិត។ ម្យ៉ាងទៀត ពួកខ្ញុំបានចិញ្ចឹមកូនចៅតាំងពីតូចៗរហូតធំពេញវ័យមានគ្រួសារកើនជាកូនពូនជាចៅ ប៉ុន្តែសៀវភៅគ្រួសារក៏មិនបានបញ្ជាក់ពីទំនាក់ទំនងឪពុកម្តាយ និងញាតិពិតប្រាកដ។ តើសេចក្តីស្រឡាញ់ ការបីបាច់ថែរក្សា ភាពកក់ក្តៅ និងការទំនុកបំរុងគ្រប់បែបយ៉ាងដែលពួកខ្ញុំទាំងពីរធ្វើចំពោះកូនចៅមិនអាចសបញ្ជាក់នៅក្នុងឯកសារច្បាប់ ថាពួកខ្ញុំជាឪពុកម្តាយឬយ៉ាងណា?

អៀង៖ ខ្ញុំចង់បានគ្រួសារដែលមានច្បាប់ការពារ ដើម្បីទទួលបានផលប្រយោជន៍ស្មើគ្នានឹងគ្រួសារផ្សេងទៀត ទោះមានឬគ្មានបញ្ហាកើតឡើងក៏ដោយ។ មានច្បាប់ការពារគឺល្អ ហើយក៏ងាយស្រួលដោះស្រាយនៅពេលមានរឿងអ្វី ព្រោះយើងមើលមិនឃើញទេ។

Oh hi there 👋
It’s nice to meet you.

Sign up to receive awesome content in your inbox.

We don’t spam! Read our privacy policy for more info.