ស្នេហ៍ក្នុងគ្រាលំបាក
អ៊ុក ឡៃ និង ខៀវ សៀម (ព្រៃវែង)
រូបថតដោយ៖ ព្រហ្ម អ៊ីរ៉ូ
អត្ថបទដោយ៖ ទុយ រស្មី និង ម៉ិល ស្រីតូច
កែសម្រួលដោយ៖ លី ពិសី
«សាងស្នេហ៍ក្នុងរបបប៉ុលពត ទោះបីជាលំបាកយ៉ាងណាក៏យើងពុះពារមិនលែងដៃគ្នាដែរ។»
តា ឡៃ៖ តា និង យាយ បានជួបគ្នាផ្តើមស្នេហ៍នៅក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ លុះដល់ស្រុកទេសចប់ សង្គ្រាម យើងទាំងពីរនាក់បានសាងគ្រួសារដ៏តូចមួយពីករវែកករឆ្នាំងចាប់តាំងពីឆ្នាំ១៩៨២ រួមរស់ជាមួយគ្នាអស់រយៈ ៣៨ ឆ្នាំហើយ។ យាយតាគឺជាគូស្នេហ៍ចំណាស់វ័យ ៨០ ឆ្នាំ ហើយសុខភាពក៏កាន់តែទ្រុឌទ្រោមទៅតាមវ័យដែរ។
យាយ សៀម៖ តាយាយមិនមានមុខរបរអ្វីធំដុំទេ ជាអ្នកស្រែ តែគ្មានកម្លាំងធ្វើតទៅទៀត។ យាយតាមានជីវភាពមិនសូវធូរ ព្រោះអាចគ្រាន់តែចិញ្ចឹមសត្វបន្តិចបន្តួច ដាំដំណាំជុំវិញផ្ទះខ្ទមដ៏តូចមួយ ខ្ពស់ផុតពីដីមួយតឹក ដំបូលប្រក់ស័ង្កសី ក្រាលរនាបឫស្សី ជញ្ជាំងស្លឹកត្នោតត្រូវខ្យល់កន្ត្រាក់រលំមួយចំហៀង។
យាយតាបានយកកូនគេ៣នាក់មកចិញ្ចឹមបីបាច់ថែរក្សា ដែលពួកគេធំធាត់អស់ហើយ។ ម្នាក់បានត្រឡប់ទៅរកគ្រួសារដើមគេវិញ ម្នាក់ចំណាកស្រុក និងម្នាក់ទៀតទៅរកការងារធ្វើនៅស្រុកឆ្ងាយ បន្សល់ទុកកូនតូចម្នាក់ឱ្យយាយតាមើលថែ។ ដោយសារខ្លួនកាន់តែចាស់ ជីវភាពមិនសូវធូរធារ យាយតាបារម្ភខ្លាចមិនមានអ្នកចិញ្ចឹមបីបាច់ថែរក្សាចៅ។ យាយតាខ្វល់ខ្វាយពីចៅផង និង ខ្លួនឯងផង យាយតាក៏សម្រេចចិត្តលក់ដីស្រែយកលុយមកធ្វើផ្ទះថ្មតូចល្មម ប្រក់ដំបូលស័ង្កសី ដើម្បីមានសុវត្ថិភាពជាងមុន។
តា ឡៃ៖ ទោះខ្សែជីវិតគ្រួសារយាយតាលំបាកយ៉ាងណាក៏ដោយ ក៏យាយតាមិនបោះបង់គ្នា និង កូនចៅ ចោលដែរ។ ផ្ទុយទៅវិញយើងមានតែខំប្រឹងចាប់ដៃគ្នា ពុះពារគ្រប់យ៉ាង មើលថែទាំគ្នាពេលមានជំងឺឈឺថ្កាត់យប់ថ្ងៃ ទឹកក្តៅទឹកត្រជាក់ មានហូបអត់ហូប ក៏នៅតស៊ូប្តូរជីវិតជាមួយគ្នាជានិច្ច។ ជាក្តីសង្ឃឹម យាយតាចង់រស់នៅជាគ្រួសារមានច្បាប់ទម្លាប់ការពារត្រឹមត្រូវ។ ជាពិសេស យាយតាត្រេកអរណាស់នៅពេលដែលខាងភូមិឃុំទទួលស្គាល់ពេលធ្វើប្លង់ដីស្រែ និងផ្ទះ។
យាយ សៀម៖ គ្រួសារយាយតាមិនខុសអីពីគ្រួសារអ្នកជិតខាងផ្សេងទៀតដែរ ទៅមករកគ្នា រាប់អាន និងចេះជួយគ្នាទៅវិញទៅមកពេលមានអាសន្នអន់ក្រ។