សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលស្តីពី ការបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា (LGBTIQ) នៅក្នុងប្រទេសកម្ពុជា ឆ្លើយតបនឹងអនុសាសន៍នៃការពិនិត្យស្ថានភាពសិទ្ធិមនុស្សជាសកលតាមកាលកំណត់ (UPR) ដែលរាជរដ្ឋាភិបាលកម្ពុជាបានទទួលយក  

ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១៖ នៅក្នុងដំណាក់កាលនៃការរៀបចំរបាយការណ៍ពាក់កណ្តាល អាណត្តិ នូវស្ថានភាពសិទ្ធិមនុស្សជាសកលតាមកាលកំណត់ជុំទី៣ ហៅកាត់ថា (UPR) យើងខ្ញុំជាអង្គការសង្គម ស៊ីវិល និងសហគមន៍ដែលធ្វើការលើការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា សិទ្ធិសុខភាពផ្លូវភេទនិងបន្តពូជ សិទ្ធិស្ត្រី និងសិទ្ធិកុមារ ដូចមានរាយនាមខាងក្រោម សូមស្នើដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានទទួលយកអនុសាសន៍ និងប្រទេសដែលបានផ្តល់អនុសាសន៍ UPR អំពីសិទ្ធិនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ (SOGIESC) ក៏ដូចជាអ្នកពាក់ព័ន្ធ បង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត តាមរយៈការរៀបចំឱ្យមាននូវសកម្មភាពជាក់លាក់ ដើម្បីអនុវត្តអនុសាសន៍នៃសិទ្ធិទាំងនោះប្រកបដោយប្រសិទ្ធភាព។

នៅក្នុងការត្រួតពិនិត្យ UPR ជុំទី៣ ឆ្នាំ២០១៩ ប្រទេសកម្ពុជាបានទទួលយក អនុសាសន៍ចំនួន ៩ អំពីការការពារសិទ្ធិស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ អ្នកប្តូរយេនឌ័រ អ្នកអន្តរភេទ និងអ្នកមិនកំណត់អត្តសញ្ញាណយេនឌ័រ និងនិន្នាការភេទ (LGBTIQ) ។ អនុសាសន៍ទាំងនោះផ្តោតលើកំណែទម្រង់ច្បាប់ និងគោលនយោបាយ ៣ ជាចម្បងគឺ៖ (១) វិសោធនកម្ម មាត្រា៤៥ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុញ្ញាតសមភាពអាពាហ៍ពិពាហ៍ស្របច្បាប់សម្រាប់ដៃគូភេទដូចគ្នា (២) បង្កើតច្បាប់និងគោលនយោបាយប្រឆាំងការរើសអើងផ្អែកលើនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ និង (៣) បង្កើតច្បាប់ទទួលស្គាល់អត្តសញ្ញាណយេនឌ័រសម្រាប់អ្នកប្តូរយេនឌ័រ។

ចាប់ពីឆ្នាំ២០១៩មក ពួកយើងបានកត់សម្គាល់ឃើញនូវវឌ្ឍនភាពមួយចំនួនលើការងារលើកកម្ពស់និងការការពារសិទ្ធិស្មើភាពគ្នារបស់អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជា រួមមានការលើកកម្ពស់ការយល់ដឹង និងការទទួលយកអ្នកស្រឡាញ់ភេទដូចគ្នាពីសាធារណជន ដោយមានការចូលរួមចំណែក និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិល និងសមាជិកសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។ តួយ៉ាងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអង្គការសង្គមស៊ីវិលបានដាក់ចេញនូវកម្មវិធីសិក្សាអំពីការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយក្នុងសាលារៀន ដែលបានបញ្ចូលនូវសមភាពយេនឌ័រ និងគោលគំនិតនៃនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ ស្របទៅតាមកម្រិតសិក្សានិងភាសាសម្រាប់សិស្ស។ ចំណែកឯក្រសួងកិច្ចការនារីបានដាក់បញ្ចូលស្រី្តស្រឡាញ់ស្រ្តី ស្ត្រីស្រឡាញ់ទាំងពីរភេទ និងស្ត្រីប្តូរយេនឌ័រ ជាក្រុមងាយរងគ្រោះអាទិភាពមួយ នៅក្នុងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣។ រីឯថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក៏បានថ្លែងការណ៍លើកទឹកចិត្តដល់មន្ត្រីរដ្ឋាភិបាលនៅគ្រប់ជាន់ថ្នាក់ និងសាធារណជនកុំឱ្យមានការរើសអើងប្រឆាំងអ្នកស្រឡាញ់ភេទដូចគ្នាផងដែរ។ ទន្ទឹមនឹងនោះ សង្គមស៊ីវិលនៅប្រទេសកម្ពុជា និងសមាជិកសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាក៏បានបន្តកិច្ចការងារអប់រំផ្សព្វផ្សាយបង្កើនការយល់ដឹង និងលើកទឹកចិត្តឱ្យមានការទទួលស្គាល់អ្នកស្រឡាញ់ភេទដូចគ្នា ពីក្រុមគ្រួសារ និងសាធារណជនទូទៅទៀត ផង។ សកម្មភាពទាំងនេះគឺជាជំហានដំបូងដ៏មានសារៈសំខាន់ដែលទទួលបាននូវការសាទរពីមជ្ឈដ្ឋាននានា ដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវការប្ដេជ្ញាចិត្តនៅក្នុងការអនុវត្តអនុសាសន៍ UPR។

ថ្វីត្បិតតែមានកិច្ចខិតខំប្រឹងប្រែងដូចរៀបរាប់ខាងលើក្ដី ក៏អ្នកស្រឡាញ់ភេទដូចគ្នានៅប្រទេសកម្ពុជានៅតែបន្តប្រឈមមុខនឹងការរើសអើងក្នុងទម្រង់ផ្សេងៗ ទាំងផ្នែកសង្គមនិងផ្នែកច្បាប់។ មូលហេតុចម្បងៗនៃការរើសអើងគឺដោយសារតែ មិនមានការអនុញ្ញាតឱ្យអ្នកស្រឡាញ់ភេទដូចគ្នាអាចរៀបការស្របច្បាប់ កង្វះការការពារផ្លូវច្បាប់ជាក់លាក់ប្រឆាំងនឹងការរើសអើងផ្អែកលើនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ នៅវិស័យការងារ សុខាភិបាល និងអប់រំ ក៏ដូចជាកង្វះការតាក់តែងច្បាប់ស្តីពីការទទួលស្គាល់អត្តសញ្ញាណយេនឌ័ររបស់បុគ្គលផងដែរ។

យើងសង្កេតឃើញថា ចាប់តាំងពីឆ្នាំ២០១៩មក ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាមិនទាន់រៀបចំឱ្យមានសកម្មភាពជាក់លាក់ក្នុងការឆ្លើយតបនឹងដំណើរការរៀបចំកែប្រែ និងតាក់តែងច្បាប់ ដែលបានកំណត់ក្នុងអនុសាសន៍ UPR អំពីសិទ្ធិនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ ដែលកម្ពុជាទទួលយកនៅជុំទី៣នៅឡើយទេ។

ហេតុដូច្នេះ ដើម្បីបង្កើននូវប្រសិទ្ធភាព និងប្រសិទ្ធផល ឈានទៅដល់ការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាពេញលេញ រួចផុតពីការរើសអើងនៅទូទាំងប្រទេសកម្ពុជា នៅខណៈពេលពាក់កណ្តាល អាណត្តិ និងមុនជុំបន្ទាប់ នៃUPR យើងខ្ញុំទាំងអស់គ្នាសូមស្នើ៖

• រាជរដ្ឋាភិបាលកម្ពុជា ប្រទេសដែលបានផ្តល់អនុសាសន៍ និងស្ថាប័នពាក់ព័ន្ធ បន្តកិច្ចសហការរួមគ្នារៀបចំនូវផែនការសកម្មភាពជាក់លាក់ ក្នុងការអនុវត្តអនុសាសន៍ទាំងនេះ ទាំងផ្នែកគោលនយោបាយនិងច្បាប់ ជាពិសេសការអនុញ្ញាតឱ្យមានសមភាពអាពាហ៍ពិពាហ៍ស្របច្បាប់សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា។
• រាជរដ្ឋាភិបាលកម្ពុជាពិចារណាបង្កើតក្រុមការងារ ដែលមានសមាសភាពចម្រុះ ដើម្បីទទួលបន្ទុកដឹកនាំ សិក្សា ពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាង និងស្នើវិសោធនកម្មច្បាប់ពាក់ព័ន្ធ ដោយរាប់បញ្ចូលទាំងមាត្រា៤៥ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុញ្ញាតឱ្យមានអាពាហ៍ពិពាហ៍ស្របច្បាប់សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា។ ក្រុមការងារនេះគួរស្ថិតក្រោមការដឹកនាំសម្របសម្រួលរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយមូលហេតុថា គ.ស.ម.ក គឺជាស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាដែលមានធនធានបច្ចេកទេសដឹកនាំ និងសម្របសម្រួលយន្តការ UPR ស្រាប់។ សមាជិកក្រុមការងារ ដែលសមាសភាពចម្រុះនេះ គួររាប់បញ្ចូលអ្នកពាក់ព័ន្ធដូចជា ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា ភ្នាក់ងារអង្គការសហប្រជាជាតិ តំណាងស្ថានទូត ជាពិសេសប្រទេសដែលបានផ្តល់អនុសាសន៍ UPR និងអង្គការសង្គមស៊ីវិលធ្វើការលើសិទ្ធិនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ សិទ្ធិសុខភាពផ្លូវភេទ និងបន្តពូជ សិទ្ធិស្ត្រី សមភាពយេនឌ័រ និងសិទ្ធិកុមារ។

ដរាបណាដៃគូអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជាមិនអាចរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ នោះ អ្នកស្រឡាញ់ភេទដូចគ្នា កូនៗ និងសមាជិកគ្រួសាររបស់ពួកគេនៅតែមានភាពរងគ្រោះបន្តទៀត។ ការអនុញ្ញាតឱ្យមានសមភាពអាពាហ៍ពិពាហ៍ស្របច្បាប់នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពងាយរងគ្រោះ ការមាក់ងាយ និងការរើសអើងប្រឆាំងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមគ្រួសាររបស់ពួកគេ ព្រមទាំងជួយលើកកម្ពស់ឱ្យមានបរិយាបន្ន សុខដុមរមនា និងសុខុមាលភាពសង្គម ដែលឆ្លុះបញ្ចាំងទៅនឹងគុណតម្លៃរបស់ខ្មែរ ទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយនិងរួមចំណែកសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព៕

###

សេចក្តីថ្លែងការណ៍រួមនេះមានការចូលរួមគាំទ្រដោយ៖
១. អង្គការសហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់)
២. ក្រុមយុវជនស្ម័គ្រចិត្តក្តីស្រឡាញ់គឺចម្រុះ
៣. មូលនិធិមីក្រូឥន្ទធនូអន្តរជាតិកម្ពុជា
៤. អង្គការថែទាំសុខភាពគ្រួសារកម្ពុជា
៥. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
៦. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា
៧. អង្គការក្លាហាន
៨. អង្គការសីលការ
៩. សមាគមចាសអាស៊ីអាគ្នេយ៍ Just Associate South-East Asia (JASS SEA)
១០. អង្គការ Save the Children (SCI)
១១. សមាគមស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ អ្នកប្តូរយេនឌ័រ និងអ្នកអន្តរភេទអាស៊ី International Lesbian, Gay, Bisexual, Trans and Intersex Association Asia (ILGA Asia)
១២. សមាគមស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ អ្នកប្តូរយេនឌ័រ និងអ្នកអន្តរភេទពិភពលោក International Lesbian, Gay, Bisexual, Trans and Intersex Association World (ILGA World)
១៣. អង្គការសម្ព័ន្ធអាស៊ីប៉ាស៊ីហ្វិកដើម្បីសុខភាពផ្លូវភេទ និងបន្តពូជ និងសិទ្ធិ Asia-Pacific Alliance for Sexual and Reproductive Health and Rights (APA
១៤. អង្គការមជ្ឍមណ្ឌលធនធាន និងស្រាវជ្រាវដើម្បីស្ត្រី Asia-Pacific Resource and Research Center for Women (ARROW)
១៥. មូលនិធិសម្ព័ន្ធអាស៊ីប៉ាស៊ីហ្វិកដើម្បីសុខភាពផ្លូវភេទបុរស Asia Pacific Coalition for Male Sexual Health Foundation (APCOM Foundation)
១៦. ភ្នាក់ងារដើម្បីអភិវឌ្ឍន៍ស្ត្រីអន្តរជាតិ International Women's Development Agency (IWDA)

 

 

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
១. អង្គការសហគមន៍ឥន្ទធនូកម្ពុជា ៖ កញ្ញា លី ពិសី 012 697 641
២. ក្រុមយុវជនស្ម័គ្រចិត្តក្តីស្រឡាញ់គឺចម្រុះ ៖ លោក គុយ ធីតា 077 717 475
៣. មូលនិធិមីក្រូឥន្ទធនូអន្តរជាតិកម្ពុជា ៖ កញ្ញា ឈឿង រចនា 093 336 896
៤. អង្គការថែទាំសុខភាពគ្រួសារកម្ពុជា ៖ លោកស្រីបណ្ឌិត សាផន សុមោលីរស្មី 069 777 855
៥. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ៖ លោក លឹម បូរិន 012 904 266

 

Oh hi there 👋
It’s nice to meet you.

Sign up to receive awesome content in your inbox.

We don’t spam! Read our privacy policy for more info.