កសាងសុភមង្គលគ្រួសារ
ស៊ុន ភី និង ប៉ែន ថាវី (ស្វាយរៀង)
រូបថតដោយ៖ ព្រហ្ម អ៊ីរ៉ូ
អត្ថបទដោយ៖ ជ័យ សុខដុម
«គ្រួសារយើងមិនខុសប្លែកពីគ្រួសារដទៃ ដែលចេះជួយចែករំលែកកិច្ចការងារគ្នា ស្រឡាញ់គ្នាដោយបេះដូង និងដោយសេចក្តីពេញចិត្ត។»
ភី៖ ប៉ែន ថាវី គឺជាដៃគូជីវិតរបស់ខ្ញុំ យើងបានរួមរស់ជាមួយគ្នាដូចប្តីប្រពន្ធអស់រយៈពេល ២៦ ឆ្នាំហើយ។ យើងទាំងពីរនាក់រស់នៅភូមិកុដុម្ពី ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ជាមួយកូនចិញ្ចឹមម្នាក់ ក្នុងជីវភាពសាមញ្ញជាអ្នកស្រែ និងលេងភ្លេងប្រពៃណីខ្មែរ។ ពេលខ្លះយើងមានការថ្នាំងថ្នាក់នឹងគ្នា ប៉ុន្តែវាមិនមែនជារឿងធំដុំនោះទេ ព្រោះយើងតែងតែព្យាយាមមិនចាប់កំហុសគ្នា យល់យោគ និងដោះស្រាយឱ្យត្រូវរូវគ្នាវិញ ដោយមិនប្រើហិង្សា ប៉ះដៃដាក់ដៃ ប៉ះជើងដាក់ជើងនោះទេ។ គ្រួសារខ្ញុំក៏មានទំនាក់ទំនងល្អជាមួយញាតិមិត្តជិតខាងជាធម្មតា ចេះជួយទុក្ខធុរៈ និងចែករំលែកការហូបចុកគ្នាទៅវិញទៅមក។ ចំពោះខ្ញុំ ទាំងនេះហើយគឺជាការកសាងគ្រួសារដែលមានសុភមង្គល។
អ្វីដែលពួកខ្ញុំចង់បានគឺប្រទេសយើងមានច្បាប់ការពារគ្រួសារអ្នកស្រឡាញ់ភេទដូចគ្នា តួយ៉ាងដូចជាអាពាហ៍ពិពាហ៍ សៀវភៅគ្រួសារ និងការស្មុំកូនពេញលេញជាដើម។
ថាវី៖ ជាការពិតណាស់អាពាហ៍ពិពាហ៍ស្របច្បាប់ គឺមានសារៈសំខាន់ណាស់ គឺជាឯកសារផ្លូវច្បាប់អាចជួយការពារគ្រួសារពួកយើងដោយពេញលេញ បង្កើននូវទំនុកចិត្ត ការជឿជាក់ និងទំនួលខុសត្រូវរួមគ្នា រាប់ទាំងការថែរក្សាទ្រព្យសម្បត្តិរបស់ពួកយើង។ កាលបើយើងមានច្បាប់ការពារសេចក្តីស្រឡាញ់ និងអាពាហ៍ពិពាហ៍គ្រួសារអ្នកស្រឡាញ់ភេទដូចគ្នាដែលជាពលរដ្ឋពេញលេញ វាក៏ជាផ្នែកមួយនៃការកាត់បន្ថយការរើសអើងនៅក្នុងសហគមន៍ផងដែរ។