...

លោកជំទាវ ញាណ សុចិត្រា ក្នុងឱកាសសប្ដាហ៍មោទនភាពនិងទិវាបញ្ឈប់ការរើសអើងលើអ្នកស្រឡាញ់ភេទដូចគ្នា ឆ្នាំ២០២១

ក្នុងឱកាសសប្ដាហ៍មោទនភាពអ្នកស្រឡាញ់ភេទដូចគ្នា និងទិវាបញ្ឈប់ការរើសអើងលើអ្នកស្រឡាញ់ភេទដូចគ្នាឆ្នាំ២០២១ ពួកយើងមានកិត្តិយសដែលមានការចូលរួមពីលោកជំទាវ ញាណ សុចិត្រា អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារី ដែលលោកបានចូលរួមចែករំលែកពីសំណួររបស់ពួកយើងផ្តោតទៅលើការគាំទ្ររបស់ក្រសួងកិច្ចការនារីផ្ទាល់រួមទាំងផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្រ្ដី ២០១៩ - ២០២៣ ផងដែរ។

១. ហេតុអ្វីបានជាមានភាពចាំបាច់ដែល លោកជំទាវ គាំទ្រសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា?

អ្នកស្រឡាញ់ភេទដូចគ្នា ក៏ជាពលរដ្ឋដែលមានសិទ្ធិពេលលេញ ដែលរដ្ឋត្រូវយកចិត្ដទុកដាក់ គោរព និងការពារ។ បច្ចុប្បន្ន សង្គមក៏ដូចជា គ្រួសារ និង សាលារៀនមានការផ្លាស់ប្ដូរ និងមានការទទួលស្គាល់ ច្រើនជាងមុន។

២. តើលោកជំទាវបានធ្វើអ្វីខ្លះនៅក្នុងការគាំទ្រសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា?

ខ្ញុំតែងចូលរួមគាំទ្រលើសកម្មភាពរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ។ នៅក្នុងផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់ការប្រើអំពើហិង្សាលើស្រ្ដី ឆ្នាំ២០១៩-២០២៣ នេះយើងបានរួមបញ្ចូលបញ្ហាស្រ្ដីអ្នកស្រឡាញ់ភេទដូចគ្នា ហើយបានចាត់ទុកស្រ្តីអ្នកស្រឡាញ់ភេទដូចគ្នាជាក្រុមគោលដៅអាទិភាពមួយ ក្នុងចំណោមក្រុមងាយរងគ្រោះដទៃទៀត ដែលត្រូវផ្ដោតការយកចិត្ដទុកដាក់ក្នុងការអនុវត្ដផែនការនេះ ហើយក្រសួងកិច្ចការនារី មានតួនាទី ជាអ្នកសម្របសម្រួលនិងដឹកនាំក្នុងការបង្កើតផែនការសកម្មភាពជាតិនេះ។

៣. តើលោកជំទាវសង្កេតឃើញថានាពេលបច្ចុប្បន្ននេះ តើអ្នកស្រឡាញ់ភេទដូចគ្នាមានស្ថានភាពបែបណា?

ខ្ញុំសង្កេតឃើញថា សង្គមមានការផ្លាស់ប្តូរ ហើយទទួលស្គាល់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាច្រើនជាងមុន។ គ្រឹះស្ថានសិក្សាមួយចំនួន មានការអនុញ្ញាត និងបើកទូលាយសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាអោយចូលសិក្សា ដែលមានលក្ខណៈខុសប្លែកពីមុន ដែលមានការរិតត្បិតចំពោះ អ្នកស្រឡាញ់ភេទដូចគ្នា។

៤. តើលោកជំទាវមានផែនការអ្វីទៀតដើម្បីបន្តជំរុញស្ថានភាពអ្នកស្រឡាញ់ភេទដូចគ្នាឲ្យកាន់តែប្រសើរ?

នៅក្នុងផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្រ្ដី ២០១៩ - ២០២៣ យើងបាននិងកំពុងរៀបចំផែនការប្រតិបត្តិសម្រាប់អនុវត្ដផែនការសកម្មភាពជាតិនេះ ហើយនៅក្នុងយុទ្ធសាស្រ្ដទី១ ស្ដីពីការបង្ការ និងទប់ស្កាត់អំពើហិង្សាលើស្រីនិងក្មេងស្រី ដែលមានគោលបំណងកាត់បន្ថយការប្រើអំពើហិង្សាលើស្រ្ដី និងក្មេងស្រី តាមរយៈយុទ្ធសាស្រ្តទប់ស្កាត់ដែលមានការសម្របសម្រួលពហុវិស័យជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលផ្តោតជាសំខាន់ទៅលើអ្នកពាក់ព័ន្ធសំខាន់ៗ ទាំងនៅកន្លែងធ្វើការ និងកន្លែងផ្សេងៗ ដើម្បីលើកកម្ពស់ការផ្លាស់ប្ដូរផ្នត់គំនិត និងឥរិយាបថ វិជ្ជមាននៅក្នុងសង្គមយើង។

នៅក្នុងយុទ្ធសាស្ត្រនេះ មានផ្នែកសំខាន់ៗមួយចំនួន ដូចជា ការអប់រំ និងយុវជន គ្រួសារនិងកូនៗ សហគមន៍និងកន្លែងធ្វើការងារ និងវប្បធម៌និងប្រព័ន្ធផ្សព្វផ្សាយជាដើម ។ ក្រសួងបានដាក់បញ្ចូលបញ្ហាអ្នកស្រឡាញ់ភេទដូចគ្នា ទៅក្នុងយុទ្ធសាស្រ្តចិញ្ចឹមកូនបែបវិជ្ជមាន ហើយក្រសួងនឹងធ្វើការអប់រំផ្សព្វផ្សាយយុទ្ធសាស្រ្តនេះដល់ក្រុមគ្រួសាររបស់អ្នកស្រឡាញ់ភេទដូចគ្នាអោយបានយល់ដឹងពីការចិញ្ចឹមកូនបែបវិជ្ជមាន ដើម្បី ធ្វើយ៉ាងណាកុំអោយមាតាបិតាមានការរើសអើងកូន និងមិនទទួលយកកូនដែលជាអ្នកស្រឡាញ់ភេទដូចគ្នា។ ចំណែកសហគមន៍ និងកន្លែងធ្វើការ ធ្វើយ៉ាងណា កុំអោយមានការបៀតបៀនផ្លូវភេទ និងការរើសអើងនៅកន្លែងការ ដើម្បីអោយបរិយាកាសការងារល្អប្រសើរ។ ព្រមទាំងធ្វើការជាមួយប្រព័ន្ធផ្សព្វផ្សាយ និងវប្បធម៌ផងដែរ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងតម្លៃសីលធម៌ ។

Oh hi there 👋
It’s nice to meet you.

Sign up to receive awesome content in your inbox.

We don’t spam! Read our privacy policy for more info.