ចក្ខុវិស័យ

សហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) ចង់ឃើញប្រទេសកម្ពុជា ជាទីកន្លែងដែលប្រជាពលរដ្ឋ អ្នកស្រឡាញ់ភេទដូចគ្នា មានអារម្មណ៍រីករាយចំពោះខ្លួនគេ និងរស់នៅប្រកបដោយសុភមង្គល ដោយមានការការពារសិទ្ធិ ព្រមទាំងទទួលការគោរពនិងទទួលស្គាល់ពេញលេញ និងស្មើភាពគ្នា ពីគ្រប់ផ្នែកនៃ សង្គម ជាពិសេសពីគ្រួសារ សហគមន៍ និងអាជ្ញាធរ។

គោលដៅ

  1. លើកកម្ពស់ជីវិតរបស់ អ្នកស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជាដើម្បីឱ្យពួកគេមានទំនុកចិត្តដើម្បីក្លាយជាខ្លួនឯង
  2. ធានាឱ្យបានថាសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នាបានទទួលស្គាល់ និងការពារពីសង្គម គ្រួសារ និងធ្វើយ៉ាងណាឱ្យសហគមន៍យល់ និងទទួលយកអ្នកស្រឡាញ់ភេទដូចគ្នា
  3. ធានាឱ្យបានថា អ្នកស្រឡាញ់ភេទដូចគ្នា មានជីវភាពប្រកបដោយសន្តិសុខតាមរយៈការកាត់បន្ថយការមាក់ងាយ និងការរើសអើងដែលពួកគេត្រូវជួបប្រទះ និងបង្កើនសាមគ្គីភាព ព្រមទាំងការជួយខ្លួនឯងក្នុងសហគមន៍ អ្នកស្រឡាញ់ភេទដូចគ្នា។

គុណតម្លៃ

ក្នុងការប្រឹងប្រែងសម្រេចគោលដៅ និងចក្ខុវិស័យរបស់យើងឱ្យបានប្រសើរបំផុត ក្នុងនាមជាបុគ្គលិកក្រុមការងារ ក្រុមប្រឹក្សាភិបាល និងអ្នកស្ម័គ្រចិត្តRoCK ក៏ដូចជានៅក្នុងការងាររបស់យើងធ្វើជាមួយសមាជិក និងអ្នកពាក់ព័ន្ធដទៃទៀត ពួកយើងប្រកាន់ខ្ជាប់តាមគុណតម្លៃស្នូល និងគោលការណ៍ ដូចខាងក្រោម ទាំងអស់៖

ភាពចម្រុះ និងសាមគ្គីភាព៖ ទទួលយកភាពខុសគ្នា ដោយមិនគិតពីនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ សាវតារវប្បធម៌ ជំនឿ អាយុ ការអប់រំ សមត្ថភាពរាងកាយ​​ ឬទស្សននយោបាយ។ ឈរលើសាមគ្គីភាពជាមួយក្រុមខ្វះសម្លេងដទៃទៀត និងប្តេជ្ញាចិត្តដើម្បីឈានឆ្ពោះទៅរកការផ្លាស់ប្តូរជាសមូហភាព។

គណនេយ្យភាព និងតម្លាភាព៖ ប្តេជ្ញាចិត្តចំពោះសុចរិតភាព និងសីលធម៌។ លើកកម្ពស់ក្រមប្រតិបត្តិ និងក្រមសីលធម៌របស់ RoCK យ៉ាងខ្ជាប់ខ្ជួន។ មានលក្ខណៈប្រតិសកម្ម មានគណនេយ្យភាពចំពោះសកម្មភាព និងលទ្ធផលរបស់យើង បើកចំហរ ស្មោះត្រង់ និងមានលក្ខណៈគួរជាទីជឿជាក់។

ការពង្រឹងភាពម្ចាស់ការ៖ ធ្វើការដោយផ្អែកលើភាពខ្លាំងដែលមានស្រាប់របស់មនុស។ សម្របសម្រួលឱ្យមានបរិយាកាសដែលមនុស្សអាចនិយាយ ធ្វើសកម្មភាព និងជម្រុញឱ្យមានការផ្លាស់ប្តូរដោយខ្លួនឯង។ ប្តេជ្ញាចិត្តចំពោះឯករាជ្យភាពរយៈពេលវែង និងភាពធនរបស់សហគមន៍។

ការសម្របខ្លួន និងភាពច្នៃប្រឌិត៖ រក្សាភាពវិជ្ជមាន និងទទួលយកការផ្លាស់ប្តូរ។ សម្របខ្លួន និងដោះស្រាយចំពោះស្ថានភាពថ្មីៗ។ ស្វែងរកគោលវិធីប្រកបដោយភាពច្នៃប្រឌិត និងមិនធ្លាប់មានពីមុនមកដើម្បីធ្វើការងារ។ គិត និងធ្វើសកម្មភាពនៅក្រៅប្រអប់បិទជិត។ ប្តេជ្ញាចិត្តចំពោះការរៀនសូត្រជាបន្តបន្ទាប់។

ការប្រាស្រ័យទាក់ទង៖ ស្ដាប់អ្នកដទៃដោយយកចិត្តទុកដាក់ ដើម្បីយល់ឱ្យបានច្បាស់។ ប្រាស្រ័យទាក់ទងឱ្យបានច្បាស់លាស់ និងប្រកបដោយប្រសិទ្ធិភាព។ លើកកម្ពស់ការប្រាស្រ័យទាក់ទងទៅវិញទៅមក និងធានាឱ្យបានថាសាររបស់យើងត្រូវបានគេយល់ច្បាស់។

សកម្មនិយម៖ រក្សាស្មារតីស្ម័គ្រចិត្ត និងការប្តេជ្ញាចិត្តផ្ទាល់ខ្លួនដ៏រឹងមាំនៅជួរមុខសម្រាប់របៀបដែលយើងធ្វើកិច្ចការ នៅក្នុងលក្ខណៈស្វ័យពឹងផ្អែក។ សម្របសម្រួលដល់អ្នកសកម្មឯករាជ្យឱ្យមានអារម្មណ៍មានទំនុកចិត្ត និងមានភាពរឹងមាំដើម្បីធ្វើសកម្មភាពដោយមានការគាំទ្រពីរ៉ក់ជំនួសឱ្យការពឹងផ្អែកទាំងស្រុងមកលើរ៉ក់ ។

ប្រវត្តិរបស់ពួកយើង

រឿងរ៉ាវរបស់ RoCK ចាប់ផ្ដើមតាំងពីឆ្នាំ ២០០៩ មក នៅពេលគណកម្មាធិការសប្ដាហ៍មោទនភាព LGBT បានជួបប្រជុំជាលើកដំបូង ហើយដោយមានការគាំទ្រមូលនិធិពីមិត្តភក្ដិ LGBTQ ជាច្រើនសន្ធឹកសន្ធាប់បានផ្ញើការបរិច្ចាគពីគ្រប់ទិសទីក្នុងពិភពលោក (ប្រទេសឥណ្ឌា ថៃ បារាំង អូស្ត្រាលី សហរដ្ឋអាមេរិក អៀឡង់ និងស្ថានទូតអង់គ្លេសក្នុងក្រុងភ្នំពេញ) សប្ដាហ៍មោទនភាព LGBT ត្រូវបានប្រារព្ធឡើង។ ជាលទ្ធផល សហគមន៍ឥន្ទធនូកម្ពុជាត្រូវបានបង្កើតឡើងជាក្រុមស្នូល ដោយកាលពីពេលនោះគឺជាក្រុមអ្នកស្ម័គ្រចិត្ត។ ក្នុងឆ្នាំ ២០១៤ RoCK បានក្លាយជាអង្គការមិនមែនរដ្ឋាភិបាលរបស់អ្នកស្រឡាញ់ភេទដូចគ្នាដំបូងបំផុតដែលបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ។

ក្នុងឆ្នាំ ២០១៨ យើងបានអបអរខួប ១០ ឆ្នាំរបស់យើង ហើយបានប្រារព្ធមហាសន្និបាតលើកដំបូង ដោយមានការចូលរួមពីសមាជិកសកម្មចំនួន ៦៥ នាក់ អញ្ជើញមកពីខេត្តចំនួន ១៥ និងអ្នកគាំទ្រដទៃទៀតដូចជារាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងអ្នកតំណាងមកពីវិស័យឯកជនជាដើម។