ទឹកចិត្តដ៏ធំធេង

ទូច ស្រីនិច្ច (ហួ) សុវណ្ណ រស្មី និង សួស ណារិន (កំពង់ចាម)

រូបថតដោយ៖ ព្រហ្ម អ៊ីរ៉ូ

អត្ថបទដោយ៖ ទុយ រស្មី

កែសម្រួលដោយ៖ លី​ ពិសី

«នៅពេលក្តីស្រឡាញ់បានសម្រេចដូចបំណង គ្រួសារទទួលយកក្តីស្រឡាញ់របស់យើងបាន វាជាសេចក្តីសុខសុភមង្គល និងអារម្មណ៍ដ៏កក់ក្តៅដែលរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។»

សួស ណារិន៖ រាល់ថ្ងៃ ខ្ញុំលក់ខោ​អាវជជុះ កាត់សក់ និងអ៊ុតសក់នៅក្នុងផ្សារស្គន់។ ខ្ញុំមានកូនប្រុសស្រី ៨នាក់ ហើយ ហួ គឺជាកូនទី៧។ ដើមឡើយពេលដឹងថាកូនស្រឡាញ់ស្រី ខ្ញុំពិតជាមានអារម្មណ៍ខឹងកូនដែរ ព្រោះមួយជួរផ្សារនេះមានតែកូនឯងម្នាក់។ ប៉ុន្តែខ្ញុំព្យាយាមបើកចិត្តឱ្យទូលាយបន្តិចម្តងៗ ហើយក៏ចាប់ ផ្តើមជឿជាក់លើកូនថាគេអាចធានា និងទទួលខុសត្រូវលើជីវិតរស់របស់ខ្លួនឯងបាន។ ខ្ញុំប្រាប់ខ្លួនឯងថា យើងបង្កើតបានតែរូបរាងកូនប៉ុណ្ណោះ តែមិនអាចបង្កើតឬបញ្ជាចិត្តកូនបានទេ។ ណាមួយ នេះក៏ជាសិទ្ធិរបស់កូនដែលអាចស្រឡាញ់ និងរស់នៅជាមួយគ្នា។ ដូច្នេះជាម្តាយ យើងត្រូវផ្តល់សិទ្ធិឱ្យកូន។ បើយើងបិទសិទ្ធិ គេនឹងបាក់ទឹកចិត្ត ដែលអាចថ្លោះធ្លោយទៅសម្លាប់ខ្លួនក៏ថាបាន។ ចុងក្រោយវាធ្វើឱ្យយើងនឹងយំស្តាយកូន ហើយវាក៏អាចយឺតពេលដែលបាត់បង់កូន។ ផ្ទុយមកវិញ ពេលយើងទទួលយកកូន គេនឹងសប្បាយចិត្តអស់ពីពោះ អត់ចាំបាច់ខ្លាចម៉ែឪ។ ​ យើងគួរបណ្ដោយតាមចិត្តកូនខ្លះ គ្នាដើរទៅតាមផ្លូវអនាគតតាមសម្រួល កុំជេរ កុំវាយ កុំបណ្តេញកូនចេញពីផ្ទះ។ នៅពេលយើងផ្តល់ស្រឡាញ់ឱ្យកូន កូនក៏ស្រឡាញ់ និងចិញ្ចឹមយើងវិញ។ យើងមានតែជួយមើលការខុសត្រូវ ណែនាំកុំឱ្យកូនៗឈ្លោះប្រកែកគ្នា។ ខ្ញុំក៏សុំផ្តាំទៅក្មេងៗជំនាន់ក្រោយ យើងត្រូវស្តាប់ម្តាយឪពុក​ បើ​គាត់ប្រឆាំងនឹងគំនិត ឬការស្រឡាញ់របស់យើង យើងគួរព្យាយាមលួងលោមគាត់។ យូរៗទៅគាត់គង់តែយល់ និងព្រមទទួលយកការពិតមិនខាន។

ហួ៖ វាពិតជាសំខាន់ណាស់ បើសិនជាក្តីស្រឡាញ់របស់ខ្លួនបានសម្រេចដូចបំណង គ្រួសារអត់ជំទាស់ ឪពុកម្ដាយ និងបងប្អូនទទួលយកការស្រឡាញ់របស់យើង វាគឺជាសុភមង្គល ក្តីសុខពិត និងអារម្មណ៍កក់ក្តៅដ៏ធំធេង ដែលរកអ្វីមកប្រៀបផ្ទឹមពុំបាន។ លើសពីនេះ បើសិនជាមានច្បាប់ការពារយើង មជ្ឈដ្ឋានជុំវិញលែងគិតយើងថាជាមនុស្សចម្លែក យើងពិតជាមានភាពជឿជាក់លើខ្លួនឯង។​ ច្បាប់អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាសំខាន់មែនទែន ដោយសារយើងចង់ឱ្យជីវិតរបស់យើង និងអ្នកដែលយើងស្រឡាញ់មានន័យដូចគេ។ ខ្ញុំចង់បានគ្រួសារដែលកើតចេញពីអាពាហ៍ពិពាហ៍ស្របច្បាប់ និង ចុះអេតាស៊ីវិល ដូចអ្នកស្រឡាញ់ភាពផ្ទុយគ្នាដែរ។ មួយទៀត ចង់បានច្បាប់ស្មុំ​កូនស្របច្បាប់ ព្រោះ​​ច្បាប់​​ការពារកូននិងគ្រួសារយើង ដោយភាពកក់ក្តៅនិងឥតភ័យបារម្ភ។

រស្មី៖ តាំងពីស្គាល់គ្នា រហូតដល់មករស់នៅជុំគ្នាបានជាង​៣ឆ្នាំ យើងឆ្លងកាត់ការលំបាកជាច្រើនទាំងផ្លូវចិត្ត និងគ្រួសារ។​ កាលពីមុន អារម្មណ៍របស់ខ្ញុំទទួលរងការប៉ះទង្គិចខ្លាំង ហើយចាប់ផ្តើមបាក់ទឹកចិត្ត ព្រោះគ្មានអ្នកទទួលស្គាល់ ពេលខ្លះប៉ាខ្ញុំទទួលយក ពេលខ្លះក៏មិនទទួលយកទាំងមិនពេញចិត្ត ដែលខ្ញុំសម្រេចចិត្តបែកពីគ្រួសារមួយរយៈ។ វាមិនមែនជាក្តីសុខរបស់ពួកខ្ញុំទេ។ ​ទោះជាយ៉ាងនេះក្តី ខ្ញុំតែងតែទៅលេងប៉ាមុនគេ ពេលមានបុណ្យទានម្តងៗ។

មកដល់ពេលនេះ ប៉ាខ្ញុំបានទទួលស្គាល់ពួកយើងហើយៗ ម៉ែឪក្មេកក៏ស្រឡាញ់ខ្ញុំដូចកូនបង្កើត ដែលធ្វើឱ្យខ្ញុំរឹតតែសប្បាយចិត្ត ហើយក៏មិនដឹងថាត្រូវអរគុណគាត់បែបណាឱ្យសមនឹងក្តីស្រឡាញ់របស់គាត់មានចំពោះពួកខ្ញុំឡើយ។ ​ ក្តីសង្ឃឹមរបស់ខ្ញុំគឺចង់មានច្បាប់រៀបការដូចគេដែរ ព្រោះវាកាន់តែធ្វើឱ្យយើងទុកចិត្តបន្ថែមទៀត ព្រោះជាគូស្រករគ្រួសារ យើងចង់បានសៀវភៅគ្រួសារបញ្ចូលឈ្មោះខ្ញុំទាំងពីរជាប្តីជាប្រពន្ធ ឬឈ្មោះកូន មានសិទ្ធិជាម្ចាស់រួមគ្នាលើទ្រព្យសម្បត្តិ ទាំងដី និងផ្ទះ។ ម្យ៉ាងទៀត ពេលមានបញ្ហាឈ្លោះប្រកែក ឬលែងលះគ្នា យើងមានច្បាប់ដោះស្រាយ។ សព្វថ្ងៃ ពួកខ្ញុំមានឈ្មោះនៅក្នុងសៀវភៅគ្រួសារ រៀងៗខ្លួន ដែលបង្ហាញថាខ្ញុំទាំងពីរនៅលីវ ដែលវាផ្ទុយពីការពិត។

សួស ណារិន៖ ខ្ញុំសង្ឃឹមថា អនាគតទៅរាជរដ្ឋាភិបាលគ្រប់ថ្នាក់ទាំងអស់នឹងអនុគ្រោះ ហើយជួយលើកស្ទួយអ្នកស្រឡាញ់ភេទដូចគ្នាឱ្យមានសិទ្ធិស្របច្បាប់រៀបការ ដូចប្រុសស្រីស្រឡាញ់គ្នា ព្រោះកូនខ្ញុំចង់រៀបអាពាហ៍ពិពាហ៍ដូចគេដូចឯង ហើយជាម្តាយឪពុក ពួកខ្ញុំក៏ចង់បំពេញបំណងរបស់កូនដែរ។

Oh hi there 👋
It’s nice to meet you.

Sign up to receive awesome content in your inbox.

We don’t spam! Read our privacy policy for more info.