...

អង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា ក្នុងកម្មវិធីសប្តាហ៍មោទនភាព និងទិវាបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នាឆ្នាំ២០២១

ពីវិស័យអង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល ពួកយើងក៏មានការចូលរួមពីអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា តាមរយៈនាយិការង អ្នកនាងអេង ចាន់ឌី។ គាត់បានចែករំលែកនូវការគាំទ្រចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាដើម្បីទទួលបានសមភាពយេនឌ័រ។ បន្ថែមពីការចូលរួមឆ្លើយសំណួរ ក្រុមការងាររបស់អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជាក៏បានចែករំលែកសារបន្ថែមទៀតនៅលើទំព័រហ្វេសប៊ុកពួកគេផងដែរ៖ https://www.facebook.com/genderissue

១.​តើ GADC បានធ្វើអ្វីខ្លះដើម្បីគាំទ្រសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា?

GADC មានគោលនយោបាយផ្ទៃក្នុងស្តីអំពីការគាំទ្រសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ហើយយើងតែងតែគោរពនូវគោលការណ៍នៃសិទ្ធិមនុស្ស ដែលមានន័យថាសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាគឺដូចគ្នា ហើយស្មើភាពទៅនឹងសិទ្ធិមនុស្សផងដែរ។ បន្ថែមពីនេះ យើងតែងបូកបញ្ចូលសហគមន៍​អ្នកស្រឡាញ់ភេទដូចគ្នាទៅក្នុងសហគមន៍នៃការអនុវត្តគម្រោងរបស់យើង។
 
  ២.​តើស្ថានភាពរបស់អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាមានសភាពយ៉ាងណាក្នុងរយៈពេល១-២ឆ្នាំចុងក្រោយនេះ?

ស្ថានភាពអ្នកស្រឡាញ់ភេទដូចគ្នាមានភាពប្រសើរក្នុងបរិបទខ្លះ។ ឧទាហរណ៍អ្នកស្រឡាញ់ភេទដូចគ្នាត្រូវបានគេទទួលស្គាល់ ហើយសហគមន៍មានការដឹងជាងមុនពីអ្នកស្រឡាញ់ភេទដូចគ្នា។ ក្នុងនោះ យើងក៏មានយុទ្ធនាការក្នុងការចែករំលែកពីនិយមន័យ ក៏ដូចជាអត្ថន័យនៃអ្នកស្រឡាញ់ភេទដូចគ្នាក្នុងគោលនយោបាយរបស់យើង។ ប៉ុន្តែ នៅក្នុងបរិបទខ្លះ ដូចជាការបៀតបៀនតាមបណ្តាញសង្គម និងការស្អប់ខ្ពើមអ្នកដែលក្លាហាននិយាយទាមទារសិទ្ធិស្រឡាញ់ភេទដូចគ្នារបស់ពួកគេនោះក៏នៅមានការកើនឡើងដែរ។

៣.ហេតុអ្វីបានជាវាសំខាន់ក្នុងការគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នា?

ខ្ញុំជឿទៅលើភាពជាមនុស្សជាតិ ហើយខ្ញុំ​ជឿថាដរាបណាយើងគាំទ្រសិទ្ធិ និងចលនាអ្នកស្រឡាញ់ភេទដូចគ្នា យើងនឹងធ្វើឱ្យមានសមភាពយេនឌ័រ។

៤.តើអ្នកមានផែនការអ្វីបន្តទៀតដើម្បីឱ្យសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាកាន់តែប្រសើរ?

ដំបូងគេបង្អស់គឺយើងបានផ្សព្វផ្សាយពីសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាទៅកាន់សហគមន៍ដែលយើងកំពុងធ្វើការជាមួយនិងគោលនយោបាយរបស់GADC បន្ទាប់មកបន្តការសិក្សាស្វែងយល់ និងកសាងចំណេះដឹងស្តីពីការធ្វើយុទ្ធនាការ និងគោលនយោបាយដែលមានលក្ខណៈបូកបញ្ចូលអ្នកស្រឡាញ់ភេទដូចគ្នា។


«តើអ្នកជាអ្នកណាដែលហ៊ាននិយាយនិងវិនិច្ឆ័យថាអ្នកស្រឡាញ់ភេទដូចគ្នាមិនស្មើនឹងអ្នក? ការគិតរបស់អ្នកគឺខុសហើយ ពីព្រោះយើងជាមនុស្ស ហើយអ្នកស្រឡាញ់ភេទដូចគ្នាអាចជាមិត្ត ជាគ្រួសារ
ឬជាអ្នកដឹកនាំរបស់យើង។​ ពួកគេល្អឥតខ្ចោះក្នុងនាមជាខ្លួនគេ ហើយគេមិនបាច់ផ្លាស់ប្តូរខ្លួនគេ ដើម្បីនរណាម្នាក់ឡើយ។ សូមជូនទៅដល់មិត្តខ្ញុំដែលជាអ្នកស្រឡាញ់ភេទដូចគ្នា សូមផ្តល់ពេល និងឱកាសដល់អ្នកដទៃ ដើម្បីឱ្យគេស្វែងយល់ពីអ្នក។ ពួកគេមានការគិតពីអ្នកផ្សេង ហើយចង់ឱ្យអ្នកធ្វើនេះធ្វើនោះទៅតាមអ្វីដែលគេចង់។ អ្នកមានពេលវេលាស្វែងយល់ខ្លួនឯង។ ឥឡូវនេះ សូមផ្តល់ពេលវេលា និងឱកាសទៅដល់អ្នកដែលចង់ចេញមុខនិងគាំទ្រជាមួយអ្នក។ នៅក្នុងខណៈនេះ ខ្ញុំសូមឱ្យមិត្តរឹងមាំឡើង
និងចងចាំថាមិត្តមិននៅម្នាក់ឯងនោះទេ អ្នកមានសក្តានុពលលើសពីអ្វីដែលអ្នកដឹងទៅទៀត។ »


Oh hi there 👋
It’s nice to meet you.

Sign up to receive awesome content in your inbox.

We don’t spam! Read our privacy policy for more info.