សាវតារ
សហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) ត្រូវបានបង្កើតឡើងជាក្រុមស្ម័គ្រចិត្តមួយក្រុមនៅឆ្នាំ ២០០៩ ដោយសកម្មជនចំនួន ៩ នាក់ ដែលចូលរូមធ្វើការចងក្រង និងផ្សព្វផ្សាយសិទ្ធិសម្រាប់អ្នកស្រឡាញ់ ភេទដូចគ្នានៅកម្ពុជា។ នៅក្នុងឆ្នាំដដែលនោះ រ៉ក់ បានធ្វើការជាមួយដៃគូអ្នកស្រឡាញ់ភេទដូចគ្នា ជាច្រើននាក់ ដើម្បីសម្ពោធកម្មវិធី «សប្តាហ៍មោទនភាព» ដោយពង្រីកបន្ថែមលើកម្មវិធីមោទនភាព ប្រចាំឆ្នាំកន្លងមក ឱ្យក្លាយជាការប្រារព្ធពេញមួយសប្តាហ៍ ដែលក្នុងនោះមានកម្មវិធីអប់រំ ការកសាង សហគមន៍ និងកម្មវិធីកំសាន្ត សម្រាប់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងមិត្តភក្តិរបស់ពួកគេ។ អ្នកស្ម័គ្រចិត្ត រ៉ក់ បានបន្តការងារចងក្រងអ្នកស្រឡាញ់ភេទដូចគ្នាទូទាំងប្រទេស និងទទួលករណី ប្រឹក្សាយោបល់។

ដោយបានមើលឃើញពីតម្រូវការក្នុងការកសាងរចនាសម្ព័ន្ធជាស្ថាប័នមួយ ដើម្បីគាំទ្រ និងផ្សព្វផ្សាយ សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នាឱ្យបានកាន់តែប្រសើរនិងទូលំទូលាយ រ៉ក់ ក៏បានចុះបញ្ជិកាក្នុងក្រសួង មហាផ្ទៃ ជាអង្គការមិនមែនរដ្ឋាភិបាលនៅឆ្នាំ ២០១៤ ហើយពួកយើងបានក្លាយជាអង្គការដំបូងគេក្នុង ប្រទេសកម្ពុជាដែលចំណាយកម្លាំង និងពេលវេលាទាំងស្រុងចំពោះការងារសិទ្ធិ និងការតស៊ូមតិ សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា។ ក្នុងដំណាក់កាលដំបូងជាអង្គការមិនមែនរដ្ឋាភិបាល យើងបាន ផ្តោតលើការកសាងក្រុមដែលមានឆន្ទៈនិងសមត្ថភាព ព្រមទាំងសិក្សាពីឧបសគ្គនិងតម្រូវការអាទិភាព របស់អ្នកអ្នកស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជា។
 
នៅចុងឆ្នាំ ២០១៥ រ៉ក់ បានធ្វើការស្រាវជ្រាវទ្រង់ទ្រាយធំបំផុតជាលើកទីមួយក្នុងប្រទេសកម្ពុជា ស្តីពីបញ្ហាអ្នកស្រឡាញ់ភេទដូចគ្នា ដោយផ្តោតសំខាន់ទៅលើអាកប្បកិរិយារបស់សាធារណៈជន “ទស្សនៈ អាកប្បកិរិយា និងឥរិយាបថ ទៅកាន់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅប្រទេសកម្ពុជា” (២០១៥) ដោយ រ៉ក់ និង ធីអិនអេស។ ការស្រាវជ្រាវនេះ បានសម្ភាសប្រជាជនកម្ពុជាចំនួនទាំងអស់ ១៥៦៣ នាក់ នៅ ១១ ខេត្តក្រុងទូទាំងប្រទេស ដែលរួមមានទាំងទីក្រុងធំៗ និងតំបន់ជនបទ។ ក្នុងចំណោមអ្នកចូលរួមសម្ភាស មានអ្នកស្រឡាញ់ភេទផ្ទុយគ្នាចំនួន ១០៨៥ នាក់ និងអ្នកស្រឡាញ់ ភេទដូចគ្នាចំនួន ៤៧៨ នាក់ (ស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកផ្លាស់ប្តូរយេនឌ័រ)។ យោងតាមរបកគំហើញ និងអនុសាសន៍ពីការស្រាវជ្រាវនេះ បច្ចុប្បន្ន រ៉ក់ កំពុងបង្កើតផែនការយុទ្ធសាស្ត្រ សម្រាប់ជំហានបន្ទាប់នៃកម្មវិធីរបស់យើង តាមរយៈការពិគ្រោះ យោបល់ជាមួយសមាជិកនៅតាមសហគមន៍ និងអង្គការដៃគូ។
 
ឯកសារ
Find us on Facebook