ការងាររបស់ពួកយើង
កម្មវិធីសំខាន់ពីររបស់សហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) គឺការចងក្រងសមាជិកអ្នកស្រលាញ់ភេទដូចគ្នា នៅទូទាំង ២៥ ខេត្តក្រុងក្នុងប្រទេសកម្ពុជា និងការពង្រឹងភាពម្ចាស់ការរបស់សហគមន៍អ្នកស្រលាញ់ ភេទដូចគ្នា ដើម្បីតស៊ូមតិទាមទារសិទ្ធិ និងការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងសាធារណៈជន។ កម្មវិធីរបស់ រ៉ក់ គឺផ្អែកទៅលើដំណើរការសិក្សាប្រមូលព័ត៌មាន ការចូលរួម និងការវិវឌ្ឍ។ នៅខែកុម្ភៈ ឆ្នាំ ២០១៤ បន្ទាប់ពីយើងបានចុះបញ្ជិកាជាអង្គការមិនមែនរដ្ឋាភិបាល ពួកយើងបានចាប់ផ្តើម ធ្វើការស្រាវជ្រាវខ្នាតធំមួយដើម្បីកំណត់បញ្ជាក់ និងស្វែងយល់ពីស្ថានភាពរបស់ប្រជាជន អ្នកស្រលាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជា។ ក្នុងឆ្នាំ ២០១៦ យើងប្រើប្រាស់ព័ត៌មាន និងលទ្ធផល ដែលទទួលបាន ដើម្បីផ្តោតលើការសម្របសម្រួល និងពិគ្រោះយោបល់ជាមួយសមាជិកនិងដៃគូរ ក្នុងការកំណត់អាទិភាពសម្រាប់ផែនការយុទ្ធសាស្ត្រអនាគតរបស់ រ៉ក់។
 
ការចងក្រងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា
 
ការងារនេះ ផ្តោតទៅលើការកសាងនិងបង្កើនបណ្តាញអ្នកស្រលាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជា ដោយពង្រឹងក្រុមដែលមានស្រាប់ និងចាប់ផ្តើមក្រុមក្នុងតំបន់ថ្មីៗ។ សកម្មភាពនេះ មានគោលបំណង កាត់បន្ថយភាពឯកោ និងពង្រឹងសាមគ្គីភាព ក៏ដូចជាទំនាក់ទំនងរបស់អ្នកស្រលាញ់ភេទដូចគ្នាក្នុង ប្រទេសកម្ពុជា។ រ៉ក់ ផ្តោតទៅលើការផ្សព្វផ្សាយទៅដល់អ្នកស្រលាញ់ភេទដូចគ្នានៅតាមតំបន់ ដាច់ស្រយាល ដែលការទទួលព័ត៌មាននិងទំនាក់ទំនងបណ្តាញរបស់ពួកគេមានកម្រិត។ ការងារនេះ រួមមានការចុះជួបផ្ទាល់ ទំនាក់ទំនងទូរស័ព្ទ និងតាមបណ្តាញសង្គមតាមដែលអាចធ្វើទៅបាន។ 
 
ដើម្បីធានាបាននូវការគាំទ្រតាមសហគមន៍ ប្រកបដោយភាពជាក់ស្តែង និងប្រសិទ្ធិភាពយូរអង្វែង ការងារចងក្រងរបស់យើង មិនត្រឹមតែធ្វើជាមួយអ្នកស្រលាញ់ភេទដូចគ្នាប៉ុណ្ណោះទេ គឺថែមទាំង ជាមួយអាជ្ញាធរមូលដ្ឋាន ដែលមានទាំងមេភូមិ មេឃុំ ប៉ូលិស និងមន្ត្រីមន្ទីរខេត្តនានា។ ពួកគាត់ចូលរួម ជាមួយកម្មវិធីរបស់យើង និងភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិអ្នកស្រលាញ់ភេទដូចគ្នាយ៉ាងសកម្ម។ គិតមកត្រឹមខែមីនា ឆ្នាំ ២០១៦ រ៉ក់ បានភ្ជាប់ទំនាក់ទំនងជាមួយអ្នកស្រលាញ់ភេទដូចគ្នាសរុបចំនួន ៨៦៤ នាក់ និងអាជ្ញាធរមូលដ្ឋានចំនួន ៧៥ នាក់។
 
ជារៀងរាល់ឆ្នាំ រ៉ក់ រៀបចំកម្មវិធីថ្នាក់ជាតិធំៗពីរ ដែលប្រមែប្រមូលសមាជិកអ្នកស្រលាញ់ភេទដូចគ្នា និងអាជ្ញាធរមូលដ្ឋានជុំវិញប្រទេសកម្ពុជា ដើម្បីជួបនិងផ្លាស់ប្តូរយោបល់គ្នានៅទីក្រុងភ្នំពេញ ដែល កម្មវិធីទាំងពីរនេះមាន៖ សប្តាហ៍មោទនភាព ដែលប្រារព្ធទៅចំថ្ងៃទិវាអន្តរជាតិប្រឆាំងការរើសអើង អ្នកស្រលាញ់ភេទដូចគ្នានិងអ្នកផ្លាស់ប្តូរយេនឌ័រ និងកម្មវិធីសិទ្ធិមនុស្សអន្តរជាតិ។

ការតស៊ូមតិអ្នកស្រលាញ់ភេទដូចគ្នា
 
រ៉ក់ ធ្វើការជាមួយសមាជិកអ្នកស្រលាញ់ភេទដូចគ្នា អាជ្ញាធរ និងដៃគូរពាក់ព័ន្ធ ក្នុងការតស៊ូមតិដើម្បី សិទ្ធិនិងការការពារស្មើគ្នាសម្រាប់អ្នកស្រលាញ់ភេទដូចគ្នា។ យើងផ្តោតទៅលើសកម្មភាពជាតម្រូវការ នៅតាមសហគមន៍ ព្រមទាំងចូលរួមជាសកម្មភាពរួមជាមួយដៃគូរដែលពាក់ព័ន្ធដទៃទៀត ដើម្បីឱ្យមាន ការផ្លាស់ប្តូរផ្នែកច្បាប់ និងគោលនយោបាយក្នុងកម្រិតថ្នាក់ជាតិ។
 
ដោយមានការសហការជាមួយនឹងមេធាវីដែលមានបទពិសោធន៍ក្នុងវិស័យសិទ្ធិមនុស្ស និងអាជ្ញាធរ មូលដ្ឋាន រ៉ក់ បានបង្កើតទម្រង់កិច្ចសន្យាផ្លូវការមួយសម្រាប់ដៃគូរអ្នកស្រលាញ់ភេទដូចគ្នាឈ្មោះថា “សេចក្តីថ្លែងទំនាក់ទំនងគ្រួសារ”។ គម្រោងនេះមានគោលបំណងការងារកម្មសិទ្ធិ ទ្រព្យសម្បត្តិ ឧត្តមប្រយោជន៍កូនបង្កើតនិងកូនចិញ្ចឹម និងគ្រួសារ ដែលជាយុទ្ធសាស្ត្របណ្តោះអាសន្ន ក្នុងកំឡុង ពេលដែលប្រទេសកម្ពុជាមិនទាន់អនុញ្ញាតការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា និងការស្មុំកូនពីដៃគូរអ្នកស្រលាញ់ភេទដូចគ្នា។
 
“មគ្គុទេសក៍ស្តីពីសិទ្ធិមនុស្សសម្រាប់អ្នកស្រលាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជា” គឺជាសមិទ្ធផលនៃ ការសហការរវាង រ៉ក់ និងស្ថាប័នដៃគូររបស់ពួកយើងគឺ គម្រោងយុត្តិធម៌ឥន្ទធនូ របស់អង្គការគោលដៅ យុត្តិធម៌។ មគ្គុទេសក៍នេះ មានគោលដៅពង្រឹងភាពជាម្ចាស់ការរបស់សហគមន៍អ្នកស្រលាញ់ភេទ ដូចគ្នាក្នុងការទាមទារសិទ្ធិរបស់បុគ្គលដែលមានចែងក្រោមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ វាក៏មានគោលបំណងអប់រំ និងពង្រឹងភាពជាម្ចាស់ការរបស់អ្នកមានសមត្ថកិច្ចតាមមូលដ្ឋាន ក្នុងការ ការពារសិទ្ធិមនុស្សរបស់ពលរដ្ឋអ្នកស្រលាញ់ភេទដូចគ្នាឲ្យបានយ៉ាងសកម្មផងដែរ។
 
រ៉ក់ បង្កើតនិងប្រើប្រាស់វិធីសាស្ត្រនិងឧបករណ៍នានាជាច្រើនបែប នៅក្នុងសកម្មភាព ពង្រឹងការយល់ដឹង និងសកម្មភាពតស៊ូមតិជាមួយសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា ដៃគូរ និងសាធារណជន ដោយក្នុងនោះរួមមាន ចម្រៀង ខ្សែភាពយន្តខ្លី គំនូរជីវចល លទ្ធផលពីការស្រាវជ្រាវ ការដាក់តាំងពិព័រណ៍រូបថត និងគម្រោងសិល្បៈជាដើម។
 
ឯកសារ
Find us on Facebook